អន្តរជាតិ៖ឯកឧត្តមទីប្រឹក្សារដ្ឋ Wang Yi រដ្ឋមន្រ្តីការបរទេសចិន នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១០ដល់១៥ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ ស្ថានទូតចិន ប្រចាំនៅកម្ពុជា។
ឯកឧត្តម Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣នៃគណៈកម្មាធិការបញ្ជាការកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាមជាមួយឯកឧត្តម Pham Binh Minh។
ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងសុទ្ធតែជាប្រទេសជិតខាង និងជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិន។ ប្រឈមមុខជាមួយជំងឺវីរុសកូវីដ-១៩ ចិននិងប្រទេសជិតខាងបានជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បានបោះជំហានទៅមុខក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជាសកលនិងការស្តារជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិនជូនចំពោះប្រទេសទាំងបួនក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនិងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាសនៃការបំពេញទស្សនកិច្ច ឯកឧត្តម Wang Yi នឹងពិភាក្សាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗដែលបានឯកភាពគ្នាដោយឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មីដែលបង្កើតឡើងដោយចិននិងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់និងផ្លូវ”និងកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។
ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួន ជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ រួមគ្នាការពារពហុភាគីនិយមនិងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមានកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រហូតដល់លើពិភពលោក៕