លោក សិរី មុនី ដែលមានវ័យ២៧ ឆ្នាំ មានមាឌល្អិតបន្តិច ជ្រោកក្រោមម្លប់ឈើ ក្បែររទេះសៀវភៅនៅក្បែរម្តុំតៅពីរផ្តល់បទសំភាសន៍ជួនក្រមាប៉ុស្ដិ៍ ខណៈលោកកំពុងឈប់សម្រាក់ថា លោកជាអ្នកផលិតកម្មវិធីវិទ្យុនិងអ្នកយកព័ត៌មានឱ្យស្ថាប័នឯករាជ្យមួយ ហើយដោយសារតែ មើលឃើញថា មានតែការអានទេដែលអាចជម្រុញឱ្យយើងចេះគិតពិចារណា ត្រិះរិះ ថ្លឹងថ្លែង ដោយមានបញ្ញាញ្ញាណ លោកក៏ចំណាយធនធានផ្ទាល់ខ្លួននិងពេលវេលាទំនេរពីការងារ ដើររុញរទេះសៀវភៅនេះ ដែលលោកដាក់ឈ្នោះវាថាជាបណ្ណាល័យចល័ត។
លោក មុនី លើកឡើងថា៖ «ខ្ញុំដើរដល់កន្លែងណា ខ្ញុំអានសៀវភៅកន្លែងហ្នឹង ហើយក៏ឃើញថា ក៏មានអ្នកឆ្លងកាត់មានចម្ងល់នឹកស្មានថាខ្ញុំដើរលក់សៀវភៅ ហើយក៏មានអ្នកខ្លះទៀត មកចាប់កាន់ និងអានសៀវភៅទាំងនេះក្នុងនោះមានទាំងស្រ្តីមេផ្ទះ កម្មករសំណង់ និងសិស្សនិសិ្សតជាច្រើនទាំងនេះវាជំរុញទឹកចិត្តខ្ញុំ ឱ្យខិតខំបន្ថែមទៀត»។
ដោយសារមានការតស៊ូ និងមានចំនេះដឹងតាមរយៈការអានសៀវភៅលោក មុនី បើទោះជាកូនកំព្រា ស្នាក់នៅក្នុងវត្តតាំងពីអាយុ ៧ឆ្នាំនិងគ្មានបងប្អូន សាច់ញាតិនឹងគេក៏ដោយ គាត់នៅតែអាចបន្តការសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រហើយចេញធ្វើការ បំរើសង្គមបានតាមសមត្ថភាពរបស់ខ្លួនហើយទាំងនេះក៏ដោយសារតែ ការខិតខំរៀនសូត្រ ជាពិសេសការអានសៀវភៅ។
ការអានធ្វើឱ្យយើងចំរើននូវបញ្ញាស្មារតី ឱ្យយើងមានក្តីសង្ឃឹម និងមនសិកាតស៊ូក្នុងជីវិត លោក មុនីបន្តថា៖ «ខ្ញុំធ្លាប់ដាច់បាយ ហើយរហូតដល់ហូបបាយដែលផ្អូម តែខ្ញុំមិនធ្លាប់បោះបង់ការអានសៀវភៅឡើយ សៀវភៅជាមិត្ត និងជាខ្នើយរបស់ខ្ញុំតាំងតែពីក្មេង»។
ចាប់ពីពេលលោកផ្តើម ចូលធ្វើការតាំងពីឆ្នាំ២០០៣ មក ជាពិធីករតាមវិទ្យុ និងអ្នកផលិតកម្មវិធីវិទ្យុ ឆ្លងពីស្ថាប័នមួយទៅស្ថាប័នមួយលោកក៏ផ្តើមមានគំនិត បរិច្ចាគវិញជូនទៅដល់សង្គម តាមរយៈការផ្តល់ជំនួយដល់កុមារកំព្រាតាមអង្គការ និងតាមឧបនិស្ស័យ មិនតែប៉ុណ្ណោះ គឺផ្តើមទំលាប់ប្រមូលសៀវភៅ។
មកដល់ពេលនេះជាង១០ឆ្នាំមកហើយលោកមានសៀវភៅជាង ១០០០ក្បាល ខុសៗគ្នា ដូចជាសៀវភៅរឿងនិទាន កំណាព្យប្រវត្តិសាស្រ្ត ប្រលោមលោក សៀវភៅច្បាប់ និងជាច្រើនមុខទៀត ដោយលោកគិតថាវាល្មមដល់ពេលគ្រប់គ្រាន់ សម្រាប់លោកធ្វើបណ្ណាល័យចល័តហើយ លោកក៏យកថវិកាប្រមាណជាង១០០ ដុល្លា ផលិតរទេះរុញនេះដាក់សៀវភៅ ហើយចាប់ផ្តើមរុញរទេះទៅក្រៅ តាមផ្លូវណាដែរលោកចង់ទៅនិងនឹងឈប់សម្រាក់កន្លែងណា ដែលចង់សម្រាក់ រួចអានសៀវភៅលេង តាមចិត្តចង់។
តាមរយៈបទពិសោធន៍ការងារលោកបានធ្វើដំណើរទូទាំងប្រទេស សង្កេតឃើញថាប្រជាជនខ្មែរយើងគ្រប់កន្លែងខ្វះទំលាប់នៃការអាន ហើយខ្វះព័ត៌មាន ដែលជាហេតុនាំឱ្យសង្គមមានវិបត្តិទៅថ្ងៃមុខធ្ងន់ធ្ងរបើក្មេងជំនាន់ក្រោយ យកតម្រាប់តាម ដោយមិនយក់ចិត្តទុកដាក់អានសៀវភៅ។
លោក មុនី ពន្យល់ថា៖ «សៀវភៅមិនមែនជាបញ្ហាទេ តែមកពីយើងមិន បង្កើតទំលាប់នៃការអាន មិនបង្កើតបណ្ណាល័យអានសៀវភៅនិងមិនផ្តល់សៀវភៅដល់ អ្នកអានឱ្យបានគ្រប់គ្រាន់»។
លោក មុនី យល់ឃើញថា តាមរយៈការធ្វើតេស្តរបស់លោកដោយអូលរទេះសៀវភៅ ដើរតាមសារធារណៈជាង ២សប្តាហ៍មកនេះ ទាក់ទាញអ្នកអានជាច្រើននិងមានមនុស្សគ្រប់វ័យ ចាប់អារម្មណ៍លើសៀវភៅ។ លោក បន្តថា៖ «បើខ្មែរជាង១៥លាននេះ អានសៀវភៅម្នាក់តែមួយទំព័រក្នុងមួយថ្ងៃ នោះនឹងមានការផ្លាប់ប្តូរថ្មីហើយមិនមែនមកពីខ្មែរ ខ្ចិលអាននោះទេ នោះមកពីទំលាប់ ដែលយើងមិនអាននិងផ្នត់គំនិតដែលយើង មិនទាន់ទូលាយ»។
ជាការពិត ដែលការចំណាយពេលរបស់លោកហាក់គ្មានផលប្រយោជន៍ និងគ្មានចំនូល បង់អាសារ តែលោក មុនី បកស្រាយថា៖«ទោះជាគ្មានផលប្រយោជន៍អ្វីដល់ខ្ញុំ តែខ្ញុំសប្បាយចិត្ត បានឃើញបងប្អូនបានអានសៀវភៅល្អៗហើយវាជាកម្លាំងចិត្ត ព្រោះខ្ញុំចាំបានថា ពេលមួយដែលខ្ញុំក្រីក្រ សៀវភៅបានផ្លាស់ប្តូរជីវភាពរបស់ខ្ញុំហើយសៀវភៅបានបើកចិត្តខ្ញុំ ចេះចែករំលែក ដូចនេះ វាគ្មានអ្វីដែលថាចំណេញឬខាតទេសម្រាប់ខ្ញុំ សម្រាប់ការងាររបស់ខ្ញុំ ព្រោះខ្ញុំមិនចង់បានអ្វីពីអ្នកអានផងសូមឱ្យតែពួកគាត់បានអានសៀវភៅទៅបានហើយ»។
លោក មុនី បន្តថា លោកក៏ទទួលការបរិច្ចាគសៀវភៅពីសប្បុរសជននានាដែរ ហើយនៅថ្ងៃខាងមុខលោកនឹងពង្រីក បណ្ណាល័យចល័តនេះឱ្យបានកាន់ច្រើន តាមដែលអាចធ្វើទៅបាន ហើយនឹងអាចមានអ្វីលើសពីបណ្ណាល័យចល័ត៕
អត្ថបទដោយ៖ សេង ធី