បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ពុម្ពអក្សរខ្មែរយូនីកូដក្នុងនោះមានលោក ដាញ់ ហុង ជាស្ថាបនិកអក្សរខ្មែរ យូនីកូដ តែម៉ូតនៃពុម្ពអក្សរខ្មែរនៅមានកម្រិតទើបមានក្រុមជាច្រើន បានបង្កើតពុម្ពអក្សរខ្មែរជាបន្តបន្ទាប់ ក្នុងនោះ យុវជនមួយក្រុមមានឈ្មោះថា៖ «ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ» បានខិតខំបន្ត បង្កើតពុម្ពអក្សរខ្មែរ ប្រកបដោយគំនិតច្នៃប្រឌិតដែលមានម៉ូតប្លែកៗ និងផ្សេងៗគ្នារហូតមកដល់សព្វថ្ងៃនេះ។
ជាក់ស្តែង ពុម្ពអក្សរខ្មែរដែល«ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ» បានបង្កើតឡើង មានជាង៣០០ម៉ូត ហើយកំពុងដាក់អោយប្រជាជនខ្មែរប្រើប្រាស់តាមចំណូលចិត្តនៃម៉ូតអក្សរទាំងនោះ។ ដោយឡែក លោក ឆូយ សុខប៊ុនហេង ជាសមាជិកម្នាក់ក្នុងក្រុមដែលមានសមាជិកជាងដប់នាក់ បានបង្ហាញការមិនពេញចិត្តថា៖ «ក្រុមអក្សរទាំងនោះ គឺដាក់សម្រាប់តែអ្នកដែលប្រើប្រាស់ទូទៅមិនមែនសម្រាប់ក្រុមហ៊ុនមួយចំនួន ហើយវាទៅប្រើប្រាស់ សម្រាប់មុខជំនួញខ្លួនឡើយ»។
លោក សុខប៊ុនហេង បានប្រាប់ថាក្រុមពួកលោក គឺមកពីតាមបណ្តាខេត្តផ្សេងៗគ្នា និងពុំស្គាល់គ្នាពីមុនមកទេ តែដោយហេតុតែស្រឡាញ់ខាងពុម្ពអក្សរខ្មែរដូចគ្នា ទើបបានមកជួបគ្នា ហើយក៏ប្រមូលផ្តុំជាក្រុម ក្នុងបណ្តាញសង្គមហ្វេសបុកមួយដែលមានផេក (page)ឈ្មោះថា «ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ» និងពួកគេក៏អាចបង្រៀនគ្នា សួរសំណួរផ្សេងៗ ទាក់ទងនឹងពុម្ពអក្សរខ្មែរ ឬចែករំលែកពុម្ពអក្សរដែលខ្លួនកំពុងតែធ្វើផងដែរ។
លោកបានសង្កត់ធ្ងន់ថា មូលហេតុដែលបង្កើត«ក្រុមរចនាពុម្ពអក្សរខ្មែរ» នេះឡើងគឺក្នុងគោលបំណងចង់លើកស្ទួយ អក្សរខ្មែរដែលត្រូវបានប្រើប្រាស់ក្នុងគ្រឿងអេឡិចត្រូនិច ព្រមទាំងចង់អោយមានម៉ូតអក្សរខ្មែរ ជាច្រើនម៉ូត និងប្លែកៗគ្នាដែលអាចចូលរួមអភិរក្ស និងជម្រុញទឹកចិត្ត អោយអ្នកប្រើប្រាស់កាន់តែចូលចិត្ត ប្រើពុម្ពអក្សរខ្មែរកាន់តែច្រើនឡើង។
ការរចនាពុម្ពអក្សរខ្មែរ
លោក សុខប៊ុនហេង ក៏បញ្ជាក់ផងដែរថាសម្រាប់អ្នកចង់រៀន រចនាពុម្ពអក្សរខ្មែរ គឺមិនទាមទារអោយមានជំនាញផ្នែកព័ត៌មានវិទ្យានោះទេអ្នកមានជំនាញផ្សេងក៏អាចធ្វើបានដែរ អោយតែអ្នករៀននោះ មានការតស៊ូព្យាយាម និងមានឧបករណ៍គ្រប់គ្រាន់ដូចជាកុំព្យូទ័រផ្ទាល់ខ្លួន ហើយចេះច្នៃម៉ូតខ្លះៗ ឬមានគំនិតច្នៃប្រឌិតថ្មីៗក៏អាចធ្វើបាន អ្វីដែលសំខាន់គឺ ចេះប្រើអារម្មណ៍ និងមានសមត្ថភាពថា ខ្លួនពិតជាអាចធ្វើបានដូចគ្នា។
សម្រាប់ការរចនាពុម្ពអក្សរមួយយូរឬឆាប់គឺអាស្រ័យលើជំនាញ និងបច្ចេកទេសរបស់បុគ្គលរៀងៗខ្លួនដែលពេលខ្លះ អ្នករចនាមានពេលវេលាច្រើនឬគ្មានពេលគ្រប់គ្រាន់ក៏មាន សម្រាប់លោក ពេលដំបូងគឺលោកត្រូវចំណាយ ពេលយ៉ាងហោចណាស់ពីរខែប៉ុន្តែនៅពេលដែលលោកធ្វើវាដដែលៗ លោកក៏មានភាពស្ទាត់ជំនាញ ហើយអាចកាត់បន្ថយពេលវេលាបានច្រើន។
លោក សុខប៊ុនហេង លើកឡើងថា៖«ការរចនាពុម្ពអក្សរគឺ ត្រូវស៊ីអារម្មណ៍ណាស់។ ពេលដែលយើងមិនសប្បាយចិត្ត នោះយើងធ្វើមិនបានល្អហើយយឺតថែមទៀត ដូចនេះការរចនា គឺត្រូវផ្តោតទាំងពីរចំណុចទៅជាមួយគ្នាគឺ ការចង់ធ្វើនិងការមានអារម្មណ៍ល្អ»។លើសពីនេះទៀត សម្រាប់ពុម្ពអក្សរមួយៗ គឺមានឈ្មោះរៀងៗខ្លួន ដោយការដាក់ឈ្មោះ គឺផ្អែកទៅលើឈ្មោះរបស់អ្នករចនាផ្ទាល់តែម្តងឧទាហរណ៍ (ពុម្ពអក្សរឈ្មោះអាក្បាលធំ)។
បង្កើតឡើងតាំងពីឆ្នាំ ២០១០ក្រុមរចនាពុម្ពអក្សរខ្មែរ គឺធ្វើឡើងដោយផ្អែកលើថវិកានិងសម្ភារៈ ដូចជាកុំព្យូទ័ររៀងៗខ្លួនដែលធ្វើឲ្យក្រុមបានជួបប្រទេះនឹងកង្វះខាតច្រើន ពេលខ្លះ មិនមានពេលវេលាគ្រប់គ្រាន់ ប៉ុន្តែដោយទឹកចិត្តស្រឡាញ់ខ្លាំងទើបក្រុមនេះនៅតែបន្ត រហូតមកដល់សព្វថ្ងៃ។
លោកបានបន្ថែមថា៖ «ក្រុមយើងខ្ញុំ ក៏មានការជួបទុក្ខលំបាកដែរ ប៉ុន្តែខ្ញុំគិតថា ខ្ញុំជ្រុលតែធ្វើវាហើយចឹងខ្ញុំចង់អោយវាល្បីខ្លាំង ព្រោះខ្ញុំគិតថា វាក៏ជាសកម្មភាពដែលរាប់ទុកថា ជាការជួយសង្គមផងដែរដោយបង្កើតពុម្ពអក្សរខ្មែរច្រើនម៉ូត សម្រាប់អោយគេប្រើប្រាស់»។
សម្រាប់ទៅថ្ងៃអនាគត ក្រុមនៅតែបន្តរចនាពុម្ពអក្សរខ្មែរដូចដើមហើយក្រុមលោកសង្ឃឹមថា ប្រជាជនខ្មែរនឹងមានការគាំទ្រ និងលើកទឹកចិត្ត ព្រមទាំងទទួលស្គាល់ស្នាដៃនិងជួយផ្គត់ផ្គង់សម្ភារៈខ្លះៗដូចជា កុំព្យូទ័រសម្រាប់ច្នៃម៉ូតអក្សរខ្មែរ ដែលក្រុមលោកដែលកំពុងខ្វះខាត។
ត្រូវការប្រើពុម្ពអក្សរខ្មែរប្លែកៗ ដែលបង្កើតដោយក្រុមរចនាពុម្ពអក្សរខ្មែរ អ្នកអាចទាញយក តាមរយៈគេហទំព័រ( akbalthom.blogspot.com និង khmerfont.org) ៕
អត្ថបទដោយ ចាន់ ជីវ៉ា