កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ (Ship for South East Asian Youth Program, SSEAPY) ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុនក្នុងឆ្នាំ១៩៧៤ ដើម្បីរឹតចំណងមេត្រីភាពរវាងប្រទេស ដែលជាសមាជិកអាស៊ានទាំងអស់តាមរយៈការចែករំលែកបទពិសោធន៍ក៏ដូចជាវប្បធម៌ និង សកម្មភាពផ្សេងៗទៀតនៅលើកប៉ាល់ដ៏ធំមួយឈ្មោះថា «នីប៉ុនម៉ារុ (NipponMaru) »។
ជាការកត់សម្គាល់កម្មវិធីនេះគឺពិបាកនឹងប្រឡងជាប់ណាស់ហើយបេក្ខជនដែលប្រឡងជាប់តោងត្រូវតែមានចំណេះដឹងទូទៅពីអាស៊ាន និង ផ្នែកភាសាអង់គ្លេសខ្ពស់។
ជាក់ស្តែងកញ្ញា ម៉ិចសេរីរ័ត្ន ជាបេក្ខនារីនាវាយុវជនអាស៊ីអាគ្នេយ៍ម្នាក់ដែលបានជាប់ក្នុងកម្មវិធីនោះក្នុងឆ្នាំ២០១៥ជាមួយនឹងបេក្ខជន២៨នាក់ទៀតផ្សេងទៀត ហើយបានចំណាយពេល៥១ថ្ងៃ នៅលើនាវាដ៏ធំមួយរបស់ជប៉ុន ដែលមានដល់ទៅ៨ជាន់។
ប្រវត្តិនៃការសិក្សា
ជាកូនពៅក្នុងចំណោមបងប្អូន៤នាក់ ដែលមានស្រុកកំណើតនៅខេត្តកណ្តាល កញ្ញាម៉ិច សេរីរ័ត្នបានផ្តើមរៀនវិទ្យាល័យនៅសាលាប៊ែលធី និង បច្ចុប្បន្នកញ្ញារៀនភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស(IFL)ឆ្នាំទី៤ និងរៀនផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC) ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។
កញ្ញាលើកឡើងថាកញ្ញាស្គាល់កម្មវិធីនេះតាមរយៈមិត្តភក្តិដែលរៀននៅ (IFL) ជាមួយគ្នា។ដោយបានដឹងពីកម្មវិធីនោះកញ្ញាក៏ចាប់អារម្មណ៍ហើយក៏ទិញពាក្យដាក់។
និយាយដោយសើចតិចៗកញ្ញាប្រាប់ថា៖« កាលដាក់ពាក្យពេលហ្នឹងគឺជាថ្ងៃចុងក្រោយដែលគេទទួលពាក្យ»។ គួរបញ្ជាក់ផងដែរថាកញ្ញាធ្វើការប្រឡងចូលកម្មវិធី SSEAPY នេះលើកទីមួយហើយក៏ជាប់តែម្តង។
គន្លឹះសំខាន់ៗ
ដោយសើចលាយឡំនឹងទឹកមុខស្រស់ស្រាយកញ្ញាបានប្រាប់ពីគន្លឹះដើម្បីអោយជាប់ក្នុងកម្មវិធីនេះថា ដំបូងឡើយ បេក្ខជនត្រូវទៅទិញពាក្យនៅនាយកដ្ឋានអប់រំហើយជាទូទៅពាក្យគឺបើកនៅក្នុងកំឡុងខែ មេសា រីឯការប្រឡងវិញ គឺមានពីរដំណាក់កាល៖ វគ្គប្រឡងដោយការសរសេរនិង វគ្គសំភាសន៍(ប្រសិនបើយើងជាប់ការឡងសរសេរហើយ)។
ចំពោះវគ្គសរសេរវិញគឺពេលនោះចេញទាក់ទងនឹងចំណេះដឹងទូទៅ(អាស៊ាន) និង ភាសាអង់គ្លេស ព្រមទាំងសួរទាក់ទងនឹងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ផងដែរ។ រីឯវគ្គសំភាសន៍គឺមានពីរដំណាក់ផងដែរ (សរសេរឆ្លើយសំណួរប្រហែល១០សំណួរ) និងចូលដល់ការសួរផ្ទាល់មាត់ឬសំភាសន៍ជាវគ្គចុងក្រោយ។
កញ្ញាលើកឡើងថា អ្វីដែលសំខាន់គឺយើងត្រូវមានចំណេះដឹងទូទៅច្រើនដូចជា ប្រវត្តិសាស្រ្តពិភពលោក និង កម្ពុជា ជាពិសេសនោះគឺរឿងរ៉ាវឬព័ត៌មានដែលទាក់ទងនឹងអាស៊ាននិង SSEAPY មិនតែប៉ុណ្ណោះបេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេសអោយបានខ្លាំងផងដែរ។ កញ្ញាបានសង្កត់ធ្ងន់ថា៖ « we need tolearn smart, do not learn hard!» ។
គួរបញ្ជាក់ផងដែរថានៅលើកប៉ាល់នោះគឺមានសមាជិកពី ១១ ប្រទេសដែលរួមមានប្រទេសអាស៊ានទាំង១០ និងប្រទេសជប៉ុន។ ហើយនៅលើនោះផងដែរក៏មានការសម្តែងពីវប្បធម៌រៀងៗខ្លួននិងសកម្មភាពផ្សេងៗទៀត ដែលក្នុងន័យផ្លាស់ប្តូរវប្បធម៌ និង រឹតចំណងមេត្រីភាពរវាងជប៉ុននិងប្រទេសអាស៊ាន។ ជាការពិត កម្ពុជាបាននាំយកការសម្តែងមួយចំនួនដូចជារបាំកន្តែរ៉ែ ការសម្តែងយុទ្ធក្រមខម និង ការសម្តែងផ្សេងៗទៀតជាច្រើន។ ហើយអ្វីដែលគួរអោយកត់សំគាល់សម្រាប់សេរីរ័ត្នគឺ ការចូលរួមសម្តែងនៅក្នុង យុទ្ធក្រមខម។
ជាមួយគ្នានោះដែរ កញ្ញាបានលើកឡើងថា៖«ខ្ញុំរកខ្លួនឯងឃើញតាមរយៈ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍»។ កញ្ញាលើកឡើងដូចនេះដោយសារតែកញ្ញាអាចឆ្លើយនិងយល់នូវ៣សំណួរដែលគាប់ចិត្តខ្លួនបាន នៅពេលដែលកញ្ញាបានចូលក្នុងកម្មវិធីនោះហើយសំណួរនោះមានដូចជា ទី១ តើខ្ញុំចូលចិត្តអ្វី ទី២ តើខ្ញុំចង់បានអ្វី និង ទី៣ តើខ្ញុំពូកែខាងអ្វី។ លើសពីនោះទៅទៀតកញ្ញាប្រាប់ថា នៅលើកប៉ាល់យើងត្រូវតែរហ័សរហួន និង ចេះបត់បែនតាមកាលៈទេសៈព្រមទាំងត្រូវមានគំនិតឆ្នៃប្រឌិតផងដែរ នោះទើបយើងអាចចូលរួមនឹងគេដទៃទៀតបាន។
ជាចុងក្រោយ កញ្ញា ម៉ិចសេរីរ័ត្នលើកឡើងថា៖« ចង់អោយយុវជនចូលរួមប្រឡងចូលក្នុងកម្មវិធី SSEAPYទាំងអស់គ្នា បើប្រឡងម្តងមិនជាប់គឺត្រូវព្យាយាមលើកក្រោយៗទៀត ។ព្រោះថានៅពេលដែលជាប់នៅក្នុងកម្មវិធីនោះគឺយើងនឹងទទួលបានចំណេះដឹងច្រើនដែលយើងនឹកស្មានមិនដល់»៕
អត្ថបទដោយ ចាន់ ជីវ៉ា