សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​ផ្លូវ​ដង្ហើម(កូវីដ​-១៩)​ពី​ចុង​ឆ្នាំ​២០១៩ ​​​និង​រាត​ត្បាត​ជា​សាកលព្រម​ទាំង​កំពុង​យាយី​ពិភព​លោក​​មិន​ទាន់​ថម​ថយ​ការ​រស់​នៅ​ក៏​មាន​​ភាព​​ប្រែ​ប្រួល​ច្រើន​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះវា​បាន​ឱ្យ​យើង​បាន​​​គិត​គូរ​ពិចារណា​ទៅ​លើ​ផ្នែក​ខ្លះ​នៃ​ជីវិតដែល​យើង​រៀន​សូត្រ​ពី​ជំងឺ​យាយី​មួយ​នេះ។ ​សហគមន៍​អន្តរ​ជាតិ​ក៏​បាន​ចែក​រំលែក​សារ​ជា​គំនិត​តាម​ការ​យល់​ឃើញ​របស់​ពួក​គេដែល​ភាគ​ច្រើន​​មាន​ដូច​ជា​៖​

.ពេល​វេលា​​ពិត​ជា​មាន​តម្លៃ

កូវីដ​បាន​បង្រៀន​យើង​ថាពេល​វេលា​​​ពិត​ជា​មាន​តម្លៃ ​ហើយ​ដែល​ពេល​​វេលា​​ទាំង​នោះ​យើង​អាច​ប្រើ​ប្រាស់​វា​ឱ្យ​បាន​ត្រឹម​ត្រូវ​ពិសេស​ការ​យក​ចិត្ត​ទុក​ដាក់​មើល​​ថែ​សមាជិក​ក្នុង​​គ្រួសារ ការ​ជួយ​សម្រួល​ការងារ​ពួក​គាត់​​តាម​លទ្ធភាព​ពិសេស​ឪពុក​ម្តាយ បុគ្គល​ដែល​ធ្លាប់​ជួយ​អ្នក និង​​ការ​​ចែក​រំលែក​​ក្តី​ស្រលាញ់​​ទៅ​ដល់​អ្នក​ជិត​ស្និទ្ធ ​ក៏​ដូច​ជា​មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​បាន​ជួប។

Image

.ការ​មើល​ថែ​រក្សា​ និង​ស្រលាញ់​សុខភាព​​

សុខភាព​បាន​ផ្តល់​ប្រយោជន៍​ដល់​អ្នក​វិញ​យ៉ាង​ច្រើនយើង​​សាក​គិត​ថា បើ​យើង​មាន​សុខភាព​ល្អយើង​អាច​ទៅ​បំពេញ​កិច្ច​ការងារ​អ្វី​ៗ​មាន​ប្រយោជន៍​បាន​យ៉ាង​ច្រើននិង​មាន​ប្រសិទ្ធិភាព​។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​ឈឺ​មិន​រក្សា​អនាម័យយើង​មិន​អាច​ទៅ​ជួយ​​​គេ ឬ​ទៅ​បំពេញ​កិច្ច​ការងារ​មាន​ប្រយោជន៍​ផ្សេង​ៗបាន​ដោយ​​លទ្ធផល​ល្អ​ និង​ប្រសិទ្ធិភាព​នោះ​ទេ។ដូច​នេះ​ការ​រក្សា​តុល្យភាព​​សុខភាព​ជា​រឿង​សំខាន់​ចាំ​បាច់​មួយ​ត្រូវ​ធ្វើ​ ពិសេស​ការ​ការ​ពារ​ខ្លួន​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​កំពុង​កើត​មាន​​នេះ​ផង​​ដែរ​។

.គួរ​ជា​មនុស្ស​ដែល​ត្រៀម​ខ្លួន​បាន​ល្អ

ចំណុច​​​មួយ​នេះ​សម្រាប់​ការ​ពិចារណា​គឺ​ថាយើង​អាច​​ជា​មនុស្ស​ត្រៀម​ខ្លួន​បាន​ល្អ សម្រាប់​ហេតុ​ការណ៍​ដែល​មិន​ល្អ​កើត​ឡើងឧទាហរណ៍​​មួយ​ផ្នែក​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ ​ដូច​ជា​​​ការ​ត្រៀម​ទុក​ថវិកា​​សម្រាប់​ស្ថានភាព​លំបាកសម្រាប់​ខ្លួន​ឯង សម្រាប់​គ្រួសារ ដែល​នេះ​ជា​ការ​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ប្រឈម​ដោះ​ស្រាយ​បញ្ហា​លំបាក​​ផ្សេង​ៗ។ អ្នក​អាច​​ចំណាំ​ពី​រឿង​ខ​៣ដែល​ធ្វើ​ឱ្យ​អ្នក​មិន​រីក​ចម្រើន​​នោះ​គឺខ្ជិល ខ្ជី​ខ្ជា និង​ខ្ជះ​​ខ្ជាយហើយ​ដែល​ជា​ចំណុច​រាំ​រាំង​អ្នក​មិន​ឱ្យ​ត្រៀម​ខ្លួន​បាន​ល្អ​​។

.រឿង​ដែល​គប្បីធ្វើគួរ​ធ្វើ​ឱ្យ​ហើយ

ឧបមា​ថា​ពុំ​មាន​ជំងឺ​រាត​ត្បាត​សកល​កើត​ឡើង​ឡើយ ប៉ុន្តែ​​យើង​គួរ​ស្វែង​យល់​ថាជីវិត​មិន​​ទៀង​ទាត់​ឡើយដែល​នេះ​សម្តៅ​ទៅ​លើ​ពេល​វេលា​នៃ​ជីវិត​ដែល​​គួរ​ប្រើ​ប្រាស់​​ឱ្យ​មាន​តម្លៃ​​ល្អ​ៗ​។ តម្លៃ​ទាំង​នោះ​ដូច​ជាកិច្ច​ការ​សង​គុណ​អ្នក​មាន​គុណ​របស់​អ្នក ការ​ជួយ​ដល់​អ្នក​ដទៃ ការ​ធ្វើ​ការងារ​ប្រាកដ​ប្រជា ការ​បំពេញ​គោល​ដៅ​របស់​អ្នក​​ជា​ដើម​-ល-។

Image

.សាមគ្គី​ភាព

​​ភាព​កក់​ក្តៅ​សាម​គ្គីភាព មិន​ថា​ក្នុង​រង្វង់​គ្រួសារក្រុម​ការងារ មិត្តភក្តិ ​ឬ​មួយ​​ក្នុង​សង្គម​រស់​នៅ​ប្រចាំ​ថ្ងៃគឺ​គួរ​តែ​មាន​ការ​យោគ​យល់​ជួយ​​យក​អាសារ ដែល​ជា​ធាតុ​មួយ​មិន​អាច​ខ្វះ​បាន​។ ព្រោះ​ថា យើង​រស់​នៅ​ក្នុង​សហគមន៍​ជា​មួយ​គ្នាដោយ​​ចង់​ឃើញ​គ្រប់​សហគមន៍​ទាំង​អស់​មាន​ភាព​រីក​រាយសុភមង្គល​ និង​រីក​ចម្រើន​។ យ៉ាង​ណា​មិញយើង​ខ្លួន​ឯង​​អាច​ជួយ​ទៅ​ដល់​​សហគមន៍​យើង​បានទៅ​តាម​ការ​​គិតនិង​​ថ្លឹង​ថ្លែង​ពិចារណា​បាន​ត្រឹម​ត្រូវហើយ ​ក៏​ត្រូវ​ការ​ការ​សហការ និង​សាមគ្គីភាព ទៅ​វិញ​ទៅ​មកសម្រាប់​ដោះ​ស្រាយ​បញ្ហា​ជា​ក់​​លាក់​ណា​មួយដែល​ទាំង​អស់​នេះ​សុទ្ធ​សឹង​ជា​មេរៀន​មួយ​ចំណែក​ដែល​យើង​​រៀន​ពី​ជំងឺ​រាត​ត្បាត​(កូវីដ​-១៩​)ជា​សាកល​មួយ​នេះ​៕