ម្ចាស់កម្មសិទ្ធិ (ម្ចាស់គម្រោង) អាច​មានសមត្ថភាព ក្នុងការ​រកអតិថិជន ធ្វើទីផ្សារ​​ដោយ​ខ្លួនឯង​ ដោយមិនចាំបាច់ភ្នាក់ងារ មកពាក់ព័ន្ធ​ តែក៏វាមិនស្រួលនិងចំនេញ ដូចដែលគិតនោះដែរ។

ប្រាកដណាស់មានភ្នាក់ងារដែលមិនល្អ គ្មានក្រមសីលធម៌ ដែលតែងចង់បិទផ្លូវខ្លួនឯង តែសម្រាប់អ្នកជំនាញ និងភ្នាក់ងារពិតប្រាកដ នឹងអាចធ្វើឲ្យអ្នកចំណេញ ទាំងពេលវេលា និងបង្កើនចំណូលទ្វេដង។

ហេតុផលខាងក្រោមនេះអាចឲ្យម្ចាស់គម្រោង ពិចារណាថា ហេតុអ្វីត្រូវជួលក្រុមហ៊ុនឬ ភ្នាក់ងារដែលមានជំនាញច្បាស់លាស់ ដោយការបង់ថ្លៃកម្រៃសេវា?

១. មានបណ្ដាញនិងអតិថិជនច្រើន៖ ភ្នាក់ងារ​អចលនទ្រព្យ​បានឆ្លងកាត់បទពិសោធន៍ច្រើន ក្នុងការទិញលក់ ជួបជាមួយអតិថិជនជាប្រចាំ បង្កើតបានជាទំនុចចិត្តច្រើន នេះជាការបង្កើតនូវបណ្ដាញអ្នកទិញអ្នកលក់ អតិថិជនធំៗ ដ៏ច្រើនក្នុងដៃ។ ក្រៅពីនេះ ក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យតែមួយឬក្នុងសមាគម ច្រើនមានការជួយផ្ដល់នូវសេវាទៅវិញទៅមក ក្នុងតំបន់ខុសៗគ្នា។

២. មានជំនាញច្បាស់លាស់៖ ភ្នាក់ងារ​អចលនទ្រព្យ ច្រើនទទួលបានការបណ្ដុះបណ្ដាល និងមានការទទួលស្គាល់ ផ្ដល់ជាអាជ្ញាប័ណ្ណ​ពី​ក្រសួង ដូច្នេះភ្នាក់ងារ នឹងអាចផ្ដល់ប្រឹក្សាយោបល់ដល់អ្នក ប្រកបដោយក្រមសីលធម៌ មានវិធីសាស្រ្ដផ្សេងៗ ក្នុងការកំណត់តម្លៃ (ការវាយតម្លៃទ្រព្យ ​គួរ​លក់​ក្នុងតម្លៃ​ទីផ្សារ ឬ​ក្រោម​តម្លៃ​ទីផ្សារ)វិធីសាស្រ្ដផ្សព្វផ្សាយ វិធីសាស្រ្ដលក់ ជាពិសេសគឺវិធីសាស្រ្ដក្នុងការចរចារ (Close Deal) ដើម្បីអាចលក់ទៅតាមពេលវេលា និងភាពចាំបាច់របស់ម្ចាស់គម្រោង។

ចំនុចនេះ ម្ចាស់គម្រោងអាចសួរខ្លួ​ន​ឯងថាទីផ្សារនៅឯណា លក់ក្នុងតម្លៃប៉ុន្មាន លក់បែបណាបានដាច់ ចរចារបែបណាទើបបានតម្លៃខ្ពស់?

៣. ចំនេញពេលវេលានិងគ្មានការរំខានច្រើន៖ ភ្នាក់ងារ បានរំលែកយកចំនុចរំខាននេះ ពីម្ចាស់ទ្រព្យ មកធ្វើការដោយផ្ទាល់ជាមួយអ្នកទិញ(ភ្ញៀវ) ដូចជាការសាកសួរព័ត៌មានជាដើម ហើយម្ចាស់គម្រោង នឹងអាចមានពេលវេលាច្រើន ដើម្បីប្រកបអាជីវកម្មផ្សេង ឬសិក្សាពីឳកាសគម្រោងថ្មីទៀត។ភ្នាក់ងារ ត្រូវទទួលបានកម្រៃជើងសារ ដូច្នេះ គាត់ខិតខំបំពេញការងារនេះ ដើម្បីជាប្រយោជន៍ដល់ម្ចាស់គម្រោង នោះគាត់នឹងបានកម្រៃតាមលទ្ធផលដែលគាត់បានធ្វើ។

៤. ដំណើរការឯកសារទិញលក់៖ ភ្នាក់ងារ​អចលនទ្រព្យ ​ជាអ្នក​សម្របសម្រួល​តាមផ្លូវ​ច្បាប់​ រហូតដល់​ដំណើរ​ការទិញ-លក់ បាន​ចប់សព្វគ្រប់។

ក្នុងចំនុចនេះ ភ្នាក់ងារ​អចលនទ្រព្យ​ភាគច្រើន សុទ្ធ​តែមាន ​មេធាវីផ្ទាល់​ផ្ទាល់​ជួយ ​លើ​នីតិវិធីផ្លូវ​ច្បាប់ ការពារផលប្រយោជន៍ម្ចាស់គម្រោង​ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ការទិញលក់ ​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើងជៀសបាន នូវការខាតប្រយោជន៍។ ក្រៅពីនេះ ភ្នាក់ងារនិងធនាគារ គឺជាដៃគូជិតស្និត ក្នុងការប្រកបរបនេះជាមួយគ្នា ក្នុងដំណើររត់ឯកសារចាំបាច់ ការទិញលក់ដែលប្រើកម្ចី ឬការបង់រំលោះ។

តើលោកអ្នកមានអ្វីចង់ចែករំលែកបន្ថែម? សូមចូលរួម និងទំនាក់ទំនងមកយើងខ្ញុំ