ខេត្តត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានកសាងឡើងក្នុងទំហំទឹកប្រាក់ជាង ៥០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ដោយបើកការដ្ឋានសាងសង់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានទីតាំង ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំ ឲ្យដឹងថា មន្ទីរពេទ្យនេះ មានជាមន្ទីរពេទ្យបំពាក់ដោយបរិក្ខារទំនើប ដែលមានអគារចំនួន៨ខ្នង ០៥ជាន់ កំម្ពស់២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន៥ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្រ្ត អាគាររដ្ឋបាលនិងស្នាក់នៅចំនួន២ជាន់ និងអគារផ្សេងៗទៀត១ជាន់ ដែលមានផ្ទៃដីសរុប៧៥,៥៧០ម៉ែត្រការ៉េ សាងសង់លើផ្ទៃដីចំនួន៥៥,៨១៤ម៉ែត្រការ៉េ៕