ខេត្តសៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យដឹងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពីទីក្រុងសៀមរាបថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានបង្ហាញថា សរុបមនុស្ស១៤នាក់ហើយ បានរកឃើញមានជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញចំនួន៨ករណីបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «មកដល់ពេលនេះ វាមានចំនួន១៤ករណីហើយប្រសិនបើត្រូវបានអះអាងថា ទៅពីខេត្តសៀមរាបជាករណីឆ្លងមួយទៀត (កូនស្រីលោក ឆែមសាវុធ) គឺនឹងមានចំនួន១៥ករណី ប៉ុន្ដែសំណាកទើបនឹងធ្វើតេស្ដបានចំនួន២,២៤៧សំណាក ក្នុងចំណោម៣,៣៣២សំណាក »។
អ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេសមានចំនួន៣,៣៣២សំណាក មកពី៧ខេត្ត ដូចជា រាជធានីភ្នំពេញ កណ្ដាល សៀមរាម បន្ទាយមានជ័យ ឧត្តរមានជ័យ មណ្ឌលគិរី និងស្ទឹងត្រែង ហើយនឹងនៅបន្តយកសំណាកជាបន្តទៀត។
រីឯតំណាងរាស្រ្ដម្នាក់ ដែលវិជ្ជមានកូវីដក្នុងព្រឹត្តិការណ៍៣វិច្ឆិកាកន្លងទៅ ក៏បានលាប់ជម្ងឺឡើងវិញ និងកំពុងសម្រាកព្យាបាលផងដែរ៕