ការសិក្សាថ្មីមួយលើកឡើងថា ការពិសារពងមាន់ស្ងោរមួយគ្រាប់ ក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យ ក្នុងការកើតជំងឺ សរសៃឈាមបេះដូង។
តាមការស្រាវជ្រាវ ចេញផ្សាយលើទស្សនាវដ្តី Heart បានបង្ហាញថា ការទទួលទានស៊ុតមាន់មួយគ្រាប់ រាល់ថ្ងៃ ត្រូវបានផ្សាភ្ជាប់ទៅនឹង អត្រាថយចុះនៃជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺបេះដូង។ អ្នកដែលទទួលទាន ស៊ុតរាល់ថ្ងៃ ក៏ថយចុះហានិភ័យនៃការស្លាប់ ដោយសារជំងឺបេះដូងផងដែរ បើប្រៀបធៀបជាមួយ អ្នកដែល មិនធ្លាប់ទទួលទានស៊ុតសោះ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ សុខាភិបាលប៉េកាំង បានពិនិត្យទិន្នន័យពីអ្នកចូលរួមចំនួន ៤១៦.២១៣ នាក់ក្នុងប្រទេសចិន។ ១៣,១ ភាគរយ នៃអ្នកចូលរួម បាននិយាយថា ទទួលទានស៊ុតរាល់ថ្ងៃនិង ៩,១ ភាគរយនិយាយថាមិនដែល ឬ កម្រទទួលទានស៊ុត។
ការសិក្សានេះត្រូវបាន តាមដានរយៈពេល ៩ ឆ្នាំ ដែលបង្ហាញថា អ្នកដែលទទួលទានស៊ុតជាប្រចាំ មានហានិភ័យទាបបំផុត ក្នុងការស្លាប់ដោយសារជំងឺបេះដូង៕