សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ខេត្តសៀមរាប៖ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅ ក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល ១៣ខែ ដែលគ្រោងនឹង បញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។
សម្ដេចតេជោ មានប្រសាសន៍ថា៖ តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។
ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
លើសពីនេះទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឱ្យដឹងផងដែរថា៖ ថវិកាដែលនៅសល់ពីគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ៣៤ខ្សែនៅក្រុងព្រះសីហនុ ប្រមាណ៥លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបង្វែរ មកកែលម្អធ្វើឱ្យប្រសើរឡើងដងស្ទឹងសៀមរាប ប្រវែងជាង៨គីឡូម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព បន្ថែមទៀត៕