ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រមាណ ៤.៥លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នៅខែមិថុនានេះ ហើយកម្ពុជានឹងអាចសម្រេចផែនការចាក់វ៉ាក់សាំងយ៉ាងយូរដើមឆ្នាំក្រោយ។ នេះបើយោងតាមសារសំឡេងសម្តេចតេជោ នាព្រឹកថ្ងៃទី ២៩ឧសភានេះ។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជានឹងមានវ៉ាក់សាំងកូវីដ១៩គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋយោគយល់ និងរង់ចាំការចាក់វ៉ាក់សាំងតាមផែនការដែលរាជរដ្ឋាភិបាលបានរៀបចំ។
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ៖ «តាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់។ យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់»។
ការចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការ១០លាននាក់ នឹងអាចសម្រេចបានយ៉ាងយូរដើមឆ្នាំ២០២២ ដែលមកទល់ថ្ងៃនេះក្នុងយុទ្ធនាការផ្ដើមចាក់ពីខែកុម្ភៈ កម្ពុជាសម្រេចបានជាង២លាននាក់រួមមកហើយ។
ប្រសាសន៍សម្ដេចតេជោ៖ «យើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា»៕
សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំង ត្រូវបន្តប្រកាន់ខ្ជាប់វិធានការពារខ្លួនពីជំងឺកូវីដ១៩ ដោយប្រើវិធាន ៣ការពារ និង៣កុំ។
«បើទោះបីជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេច [៣ការពារ និង៣កុំ] ព្រោះវ៉ាក់សាំងមិនអាចទប់បានគ្រប់ការចម្លងនោះទេ គឺយើងត្រូវប្រើប្រាស់វ៉ាក់សាំងផង និងវិធីការពារខ្លួនពីកូវីដ១៩ផង»៕