ការបរិភោគអារហារនៅពេលយប់អាចនឹងធ្វើឲ្យយើងទទួលរងនូវផលប៉ះពាល់ដល់អាយុជីវិតដោយប្រឈមនឹងជំងឺជាច្រើន ជាពិសេសសុខភាពក្រពះពោះវៀន។
លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនMengly J. Quach Education មានប្រសាសន៍ថា ការបរិភោគអាហារនៅពេលយប់មុនពេលចូលគេង ធ្វើអោយក្រពះមិនបានរំលាយអាហារ ហើយអាហារទាំងនោះច្រាលមកលើវិញ និងធ្វើឲ្យអាហារទាំងនោះផ្អូមនៅក្នុងពោះ ដែលអាចបណ្តាលឲ្យមានបញ្ហាច្អល់ក្រពះ បូករួមជាមួយនឹងទឹកអាស៊ីតក្នុងក្រពះបណ្តាលឲ្យអួលក្នុងពោះ និងមានបញ្ហារលាកក្រពះ និងឈានដល់ធ្ងន់ធ្ងរបើមិនព្យាបាលទាន់ពេលវេលា។
នៅពេលដែលអាហារក្នុងពោះផ្ទុកយូរមិនមានការរំលាយ រួមជាមួយនឹងអាស៊ីតក្រពះច្រើន លោកថា៖ « អាស៊ីតក៏វាច្រើន ម្ហូបក៏អត់កិន វាចេះតែច្រាល អាហ្នឹងអួលក៏អួល ផ្អូមក៏ផ្អូម ស្បែកពោះវាចាប់ផ្តើមកិនគ្នាវា យូរៗទៅវាកកិតគ្នាអស់ កើតជាដំបៅ។ ហើយបើអត់ព្យាបាលទេ រលាកយូរៗទៅជាធ្ងន់ ធ្លាយក្រពះស្លាប់តែម្តង »។
លោកបន្ថែមថា ការបរិភោគនៅពេលយប់រួចចូលគេងគឺមិនត្រឹមតែប្រឈមនឹងរោគក្រពះប៉ុណ្ណោះទេ តែវាបានបង្កឲ្យទៅជា ការឡើងទំនង់ ឡើងជាតិស្ករ និងបង្កជាជំងឺទឹកនោមផ្អែមជាដើម។
លោកឧកញ៉ាវេជ្ជបណ្ឌិត បញ្ជាក់ថា៖ « ការញាំពេលយប់ហើយគេង មានបញ្ហាឡើងគីឡូ ជាតិអាស៊ីតក្នុងក្រពះ និងបញ្ហាផ្សេងទៀត ខ្លាញ់ក៏ឡើង ជាតិស្ករក៏ឡើង ហើយអាការៈឡើងទឹកនោមផ្អែមក៏មាន និងម្យ៉ាងទៀតបញ្ហាខ្លាញ់រុំបេះដូង និងខ្លាញ់ក្នុងសសៃឈាមក៏មាន »។
លោកជម្រាបថា ការបរិភោគអាហារនៅពេលយប់បង្កជាបញ្ហា និងរោគជាច្រើនដល់សុខភាព ដោយបង្កទៅជាបញ្ហាក្រពះពោះវៀនធ្ងន់ធ្ងរ និងអាចបង្កអោយសម្ពាធឈាមឡើងខ្ពស់ ឡើងជាតិខ្លាញ់បង្កជាជំងឺទឹកនោមផ្អែម និងបញ្ហាផ្សេងៗទៀត៕