យុទ្ធនាការ កញ្ចប់១ ក្តីស្រលាញ់១ ដែលដឹកនាំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ បានផ្ដល់ជូនជាអំណោយដល់ពលរដ្ឋ ៣៥០គ្រួសារ នៅសហគមន៍បឹងជើងឯក ដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ជីវភាព ក្នុងស្ថានភាពដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោក កំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ពីវីរុសកូវីដ១៩។ កម្មវិធីនេះ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី ៥មេសា ឆ្នាំ២០២០ នៅសហគមន៍បឹងជើងឯក។

អំណោយ ដែលបានរៀបចំឡើង ក្នុងមួយកញ្ចប់(មាន អង្ករ ១០គីឡូ ទឹកត្រី២ដប ទឹកស៊ីអ៉ីវ២ដប ឆៃពៅកន្លះគីឡូ សៀង កន្លះគីឡូ អំបិលគ្រួស១គីឡូ ទឹកសុទ្ធ៦ដប) សម្រាប់ ១គ្រួសារៗ។

ក្នុងយុទ្ធនាការនេះដែរ មានការចូលរួមពីសំណាក់លោកឧកញ៉ា ឡេង សុខគា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២០ និងពីសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនរូបទៀត។

លោកឧកញ៉ា បានលើកឡើងថា នេះជាសកម្មភាពមនុស្សធម៌មួុយ ពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដែលជាការរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការចុះដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋដល់ទីកន្លែង។

លោកឧកញ៉ា ក៏បានផ្ដែផ្ដាំបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព និងរក្សាអនាម័យខ្លួនប្រាណ ពាក់ម៉ាស លាងដៃនឹងសាប៊ូ ឲ្យបានជាប្រចាំ ដើម្បីអាចចាកផុតពីការឆ្លងវីរុសនេះមកដល់សហគមន៍ គ្រួសាររបស់ខ្លួន។

ជំនួសមុខអោយបងប្អូនក្នុងសហគមន៍ទាំង៣៥០គ្រួសារ លោក សុទ្ធ សុធារៈ ដែលជាប្រធាន សភាយុវពាណិជ្ជករ សាខាច្បារអំពៅ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគទាំងថវិកានិងម្ហូបអាហារបន្តបន្ទាប់មក និងថ្លែងអំណរគុណដល់ក្រុមអ្នកស្ម័គ្រចិត្តដែលសុទ្ធតែជាសមាជិករបស់JCI-កម្ពុជា និងមិត្តភក្តិសម្រាប់ការជួយរៃអង្គាស ការវេចខ្ចប់ និងការជួយចុះចែក។

សូមបញ្ជាក់ដែរថា យុទ្ធនាការកញ្ចប់១ ក្តីស្រលាញ់១ មិនទាន់បញ្ចប់នៅឡើយទេ ដោយនឹងមានសាខាផ្សេងៗទៀតរបស់ JCI កម្ពុជា កំពុងតែធ្វើការរៀបចំផែនការ ដើម្បីចុះជួយបងប្អូនដែលជួបការលំបាកពិតប្រាកដនៅតំបន់ផ្សេងៗទៀត ក្នុងកាលៈទេសៈនេះ។

សូមបន្តចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនខ្មែរយើង ដែលកំពុងជួបការលំបាកពិតប្រាកដ ក្នុងគ្រាដ៏លំបាកនេះ៕

ប្រភព៖JCI CAMBODIA