០៩ វិច្ឆិកា ២០២០ ម្សិលមិញ ជាទិវាបុណ្យឯករាជ្យជាតិកម្ពុជា គម្រប់ខួបទី៦៧ (១៩៥៣-២០២០) ដែលរំលឹកថ្ងៃដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរ។ ក្នុងឱកាសថ្ងៃទិវាពិសេសរបស់កម្ពុជានោះ ក៏មានការចូលរួមអបអរសាទរ ពីសំណាក់អន្តរជាតិជាច្រើនផងដែរ។
ដោយឡែក យើងក្រឡេកទៅមើលទិដ្ឋភាពភ្លើងពណ៌ រចនាអមដោយពាក្យអបអរសាទរសម្រាប់ថ្ងៃបុណ្យឯករាជ្យរបស់កម្ពុជា បានបញ្ជាំងនៅលើប៉មអគារ Atakule Tower ក្នុងរដ្ឋធានី Ankara ប្រទេសតួកគីដែលបង្កើតបានជាទស្សនីយភាពស្រស់ស្អាតប្លែក ហើយបានទទួលការចាប់អារម្មណ៍ច្រើនទាំងពលរដ្ឋខ្មែរ និងបរទេស។ រូបភាពទាំងនេះផងដែរ បានផ្សាយដោយស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋតួកគី ដែលបង្ហាញពីចំណងមិត្តភាពរឹងមាំរវាងប្រទេសទាំងពីរ។
គួររំលឹកដែរថានៅកម្ពុជា ជារៀងរាល់ឆ្នាំគឺតែងមានការចូលរួមប្រារព្ធពិធីបុណ្យឯករាជ្យជាតិពីសំណាក់ប្រមុខរដ្ឋបណ្តាមន្ត្រីរាជការ និងពលរដ្ឋកម្ពុជា។ ការប្រារព្ធពិធីបុណ្យគឺដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធបុព្វបុរសដែលបានបូជាដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជារួមទាំងស្នាដៃសំខាន់នានា ដែលនាំឱ្យកម្ពុជាទទួលបានឯករាជ្យពីប្រទេសអាណានិគម៕