ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ីកំពុងពង្រាយកងកម្លាំងយោធា និងមន្រ្តីប៉ូលីសរាប់ពាន់នាក់ ដើម្បីអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃជាង១២៤កន្លែង បន្ទាប់ពីបានប្រកាសអាសន្ននៅក្នុងខេត្តចំនួន៦ នៅលើកោះស៊ូម៉ាត្រា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
អាជ្ញាធរបានដឹកនាំមន្រ្តីបន្ថែមចំនួន ៥.៦៧៩នាក់ ទៅកាន់ខេត្តចំនួន៥ផ្សេងគ្នា ដែលមកពីខាងផ្នែកយោធា ប៉ូលីស និងមកពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់។
ខេត្តទាំង៦នោះ មានខេត្ត Riau,South Sumatra, West Kalimantan, Jambi, Kalimantan ខាងត្បូងនិង Kalimantanភាគកណ្តាល និងតំបន់មួយចំនួនទៀត ដែលជាតំបន់ងាយនឹងឆាបឆេះ។
យន្ដហោះជាច្រើនគ្រឿង ត្រូវបានគេពង្រាយ ដើម្បីបើកប្រតិបត្តិការទម្លាក់ទឹកពីលើ ដើម្បីពន្លត់ភ្លើង នៅតាមខេត្តនីមួយៗ។ ហើយដំណោះស្រាយបន្ទាប់ រដ្ឋាភិបាលគ្រោងនឹងបង្កើតភ្លៀងសិប្បនិម្មិតដើម្បីពន្លត់ភ្លើងឆេះព្រៃដ៏អាក្រក់នេះ៕ST