ការសួរសំណួរ គឺជាឧបករណ៍ដ៏មានប្រសិទ្ធិភាព ក្នុងនាមជាអ្នកដឹកនាំម្នាក់។ សំនួរធ្វើអោយមនុស្សគិត សំណួរបង្ហាញពីការសន្មត់ និងគំនិតដែលភ្ជាប់ជាមួយចម្លើយ សំណួរជាការចាប់ផ្ដើមនៃកិច្ចសន្ទនា។ សំណួរធ្វើអោយភាគីផ្សេងៗទៀតទាក់ទងគ្នាដើម្បីប្ដេជ្ញាចិត្តក្នុងការរកដំណោះស្រាយ។ ទាំងអស់នេះ ចាប់ផ្ដើមពីការសួរ។ ខាងក្រោមនេះជាសំណួរចំនួន៤ ដែលថ្នាក់ដឹកនាំល្អ គួរសួរបុគ្គលិក ដែលបំពេញការងារមិនបានល្អ៖
១. តើអ្នកយល់ទេ ហេតុអ្វីបានជាវាចាំបាច់ ត្រូវធ្វើការងារនេះអោយបានត្រឹមត្រូវ?
សំណួរសួរថា "ហេតុអ្វី" នឹងធ្វើអោយអ្នកទទួលបានចំលើយយ៉ាងទូលំទូលាយពីបុគ្គលិក។ ពួកគេចាប់ផ្ដើមគិត ពីការអនុវត្តការងារអោយបានត្រឹមត្រូវតាមតួនាទីព្រោះលទ្ធផលនឹង ប៉ះពាល់ដល់ក្រុមការងារ អង្គភាព អតិថិជននិងអ្នកដែលមានចំនែកក្នុងក្រុមហ៊ុន ហើយក៏ប៉ះពាល់ដល់ សុវត្តិភាពការងារភាពជោគជ័យរបស់ក្រុមផងដែរ ម្យ៉ាង ការសួរបែបនេះ បង្ហាញពីការប្រើភាពជាអ្នកដឹកនាំដើម្បីឈានទៅដល់ការលើកដំកើងតួនាទី ឬឱកាសផ្សេងៗទៀត ដើម្បីពង្រីកជំនាញនិងទទួលបានរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំ ។
២. តើអ្នកដឹងច្បាស់ថា អ្វីដែលត្រូវធ្វើអោយចប់ និងធ្វើនៅពេលណាទេ?
បញ្ហាតែងតែកើតឡើង នៅពេលដែលបុគ្គលិកមិនបានយល់ច្បាស់ពីការងារណាប្រញាប់និងការងារសំខាន់។ ការងារមួយចំនួន បុគ្គលិកអាចចំណាយពេលច្រើន តែលទ្ធផល ខុសពីអ្វីដែលអ្នករំពឹងទុក។ការងារខ្លះ អ្នកត្រូវលើកទឹកចិត្តអោយបុគ្គលិក ចំនាយពេលបន្ថែម ដើម្បីបញ្ចប់ការងារ ដែលមានកាលកំណត់ច្បាស់លាស់ដើម្បីប្រាកដក្នុងចិត្ត អ្នកត្រូវសួរសំណួរ ដោយចាប់ផ្ដើមជាមួយឃ្លាសំណួរដូចជា ហេតុអ្វីនរណា ពេលណា ដើម្បីបញ្ចាក់ថា បុគ្គលិក បានយល់ពីការងារ ដែលត្រូវបំពេញដល់កម្រិតណា។
៣. តើអ្នកមានសមត្ថភាព ដើម្បីអនុវត្តភារកិច្ចនេះ អោយបានជោគជ័យទេ?
កង្វះខាតជំនាញ ចំណេះដឹង និងសម្ភារៈក្នុងការអនុវត្តការងារទាមទារអោយអ្នកយល់ច្បាស់ ដើម្បីបំពាក់បំប៉នសម្ភារៈ វគ្គសិក្សានិងរៀបចំគម្រោងអភិវឌ្ឍ ពង្រឹងសមត្ថភាពដល់បុគ្គលិក ដើម្បីអាចសម្រេចការងារទៅបានដោយរលូននិងទទួលបានជោគជ័យ។ ការជួលបុគ្គលិកដែលឆ្លាត គឺចំបាច់ណាស់ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នោះទេ។មេដឹកនាំដែលល្អឥតខ្ចោះត្រូវដាក់ចិត្តនិងបេះដូង ទៅក្នុងក្រុមការងារដើម្បីជំរុញការខិតខំប្រឹងប្រែងនិងស្ថេរភាពល្អប្រសើរយូរអង្វែងក្នុងក្រុមហ៊ុន។
៤. អ្វីជាឧបសគ្គដែលរារាំងអ្នក មិនអោយបំពេញការងារបានសម្រេច?
មេដឹកនាំខ្លះបានបង្កើតឧបសគ្គក្នុងអនុវត្តន៍ការងារ ដោយមិនបានផ្ទៀងផ្ទាត់ពីការប្រគល់សិទ្ធិអំណាចនិងកម្រិតនៃការទទួលខុសត្រូវលើការងារ។ចូរប្រគល់សិទ្ធិអំណាចដល់ពួកគេ ដើម្បីសម្រេចលទ្ធផលដែលអ្នករៀបចំឱ្យមានការទទួលខុសដូច្នេះពួកគេមានអារម្មណ៍ថា ពួកគេមានការត្រួតពិនិត្យលើការងារដោយខ្លួនឯង។
ដោយឡែក ការសម្រេចចិត្តយឺតគឺរបាំងមួយទៀត នៃប្រភេទអ្នកដឹងនាំខ្លះបានបង្កើតឡើង។ច្បាស់ណាស់ អ្នកត្រូវការប្រើព័ត៌មានល្អ ទូលំទួលាយនិងប្រើវិចារណញាណ ដើម្បីផ្ដល់ការសម្រេចចិត្តអោយបានច្បាស់លាស់និងទាន់ពេលវេលាសម្រាប់បុគ្គលិក។ ការវិភាគមិនបានគ្រប់ជ្រុងជ្រោយ គឺជាសត្រូវនៃទទួលបានសមិទ្ធិផលល្អ។អ្នកចង់ឱ្យក្រុមអ្នកនិយាយចេញមកថា «ខ្ញុំអាចធ្វើខ្លួនឯងបានដូច្នេះខ្ញុំត្រូវការឆ្ពោះទៅមុខជានិច្ច។ ខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់លើការងាររបស់ខ្ញុំ» ។
ទោះជាមានពាក្យទាំងនេះក៏ដោយ ភាពបរាជ័យក៏នៅតែកើតមានឡើង បើអ្នកខ្វះសកម្មភាពនិងសមត្ថភាព ក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ចូរចាំថាភាពជាអ្នកដឹកនាំ គឺជាការងារផ្នែកខាងក្នុង។ មេដឹកនាំល្អ សម្លឹងពិនិត្យមើលលើខ្លួនឯងមុននឹងកំណត់ពីបញ្ហា៕