ពិភពលោកនៅយុគ្គសម័យចុងក្រោយនេះ បានប្រែប្រួលយ៉ាងឆាប់រហ័សទាំងរឿងវិជ្ជមាន និងអវិជ្ជមាន។ ចំណុចវិជ្ជមាន គឺការរស់នៅរបស់មនុស្សពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានលក្ខណៈងាយស្រួល ដោយសារតែរបស់គ្រប់យ៉ាងត្រូវបានគេផលិតដោយវិទ្យាសាស្រ្តទំនើប ហើយចែកចាយយ៉ាងទូលំទូលាយ។ ទន្ទឹមនឹងនេះ វាក៏មានរឿងអវិជ្ជមានផងដែរដោយសារតែរបស់របរប្រើប្រាស់ទាំងអស់លើពិភពលោកបច្ចុប្បន្ននេះ ជាពិសេសផលិតផលធ្វើពីប្លាស្ទីកបានធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពបន្តពូជរបស់មនុស្ស។
តាមរយៈអត្ថបទនៅក្នុងស្នាដៃ The Future of almost everything បានលើកឡើងថាត្រឹមឆ្នាំ ២០៥០មនុស្សប្រុសប្រមាណជាង ៥០លាននាក់ អាចនឹងមិនមានលទ្ធភាពបង្កើតកូនបាន។ បញ្ហានេះបណ្តាលមកពីផលប៉ះពាល់់នៃបរិស្ថានដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។ លោកថានៅពេលនេះ បរិស្ថាននៃអេកូអុកស៊ីដបរិស្ថាន ជាពិសេសសារធាតុ Phthalates ពីប្លាស្ទីក បានក្លាយជាដើមហេតុដ៏សំខាន់ក្នុងការកាត់បន្ថយចំនួនមេជីវិតឈ្មោលឱ្យថយចុះប្រមាណពាក់កណ្តាល។
តាមរយៈការស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា ចំនួនមេជីវិតនៅលើពិភពលោកបានថយចុះចំនួន ៦០% ដោយក្នុងនោះគេសង្កេតឃើញថា បច្ចុប្បន្ននេះមានមនុស្សប្រុសប្រមាណ ២០% ក្នុងប្រទេសដាណឺម៉ាក មិនមានកូននោះទេ។ វាជាចរន្តដ៏គួរឱ្យព្រួយបារម្ភ ខណៈរឿងដូចគ្នានេះនឹងកើតឡើងលើពិភពលោក ដែលធ្វើឱ្យមនុស្សកាន់តែច្រើនដែលគ្មានលទ្ធភាពបង្កើតកូនក្នុងរយៈពេល ៨០ឆ្នាំខាងមុខ។
អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាការបំពុលបរិស្ថាន ដោយសារតែធាតុគីមីលើពិភពលោក ក៏អាចបណ្តាលឱ្យមនុស្សប្រុសជាច្រើននាក់ មានជំងឺមហារីកពងស្វាស ដែលក៏វាមានឥទ្ធិពលពីឪពុកទៅកូនផងដែរ។ កត្តានេះក៏អាចប៉ះពាល់ផងដែរ ដល់លទ្ធភាពបង្ករកំនើតរបស់មនុស្សលើពិភពលោក។
តាមរយៈការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានរកឃើញថា សារធាតុពុល Phthalates នេះត្រូវបានគេរកឃើញនៅក្នុងរបស់ប្រើប្រាស់ជាច្រើន ដែលមានជាតិប្លាស្ទីកដូចជា ជែល សាប៊ូ ប្រេងរំអិល ថ្នាំដុសធ្មេញ ស្ព្រាយពណ៌ និងថ្នាំមួយចំនួនទៀត។ ហេតុនេះហើយទើបបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រកំពុងស្វែងរកវិធីសាស្រ្តដោះស្រាយដើម្បីធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ដែលអាចនឹងកើតមានឡើងនេះ។ ទោះជាយ៉ាងនេះក្តី កត្តានេះក៏ត្រូវការការចូលរួមពីមនុស្សគ្រប់គ្នាផងដែរលើពិភពលោកក្នុងការគិតគូរពីបរិស្ថាននិងកត្តារួមផ្សំជាច្រើនផ្សេងទៀតក្នងការរស់នៅដើម្បីចូលរួមចំណែកតាមលទ្ធភាពដែលអាចធ្វើបានលើអនាគតនៃពិភពលោកដែលយើងកំពុងរស់នៅ៕