បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាក់ឲ្យដំណើរការសេវារថយន្តក្រុង សាធារណៈ នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជាលើកដំបូងរបស់ខ្លួន។ ខ្សែរថយន្តក្រុងសាធារណៈដាក់ឲ្យដំណើរការ ទៅមកពី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដោយមានរថយន្តសាធារណៈចំនួន ១៥គ្រឿង ក្នុងរយៈពេល ២០នាទីម្ដង ។ នេះបើតាមការលើកឡើងរបស់ លោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានថ្លែក្នុងកម្មវិធី ដាក់ឲ្យប្រើប្រាស់សេវេរថយន្តក្រុងសាធារណៈ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបន្តឲ្យដឹងថា ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងសាធារណៈនេះដោយឥតគិតថ្លៃក្នុងរយៈពេល៣ខែដំបូង ទៅមករវាង ស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែត ។ បន្ទាប់ពីបីខែដំបូង នឹងគិតថ្លៃ ២០០០រៀលក្នុងម្នាក់។
លោក អ៊ុំ រាត្រី សង្ឃឹមថាសេវារថយន្តក្រុងសាធារណៈនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ កាត់បន្ថយចំណាយនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅកម្ពុជា។
សូមបញ្ជាក់ដែរថា រាជធានីភ្នំពេញបានដាក់ឲ្យដំណើរការ រថយន្តក្រុងសាធារណៈកាលពី ឆ្នាំ ២០១៤ មកម្ល៉េះ ៕