ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសាលារៀន និងការរីករាលដាលក្នុងសហគមន៍ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានការសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលដោយយោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃ០៨ វិច្ឆិកា ២០២០ម្សិលមិញ។ បន្ថែមពីនោះក្រសួងក៏បានសម្រេចផ្អាកការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ និងផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្នផងដែរ។
គួររំលឹកដែរថាការផ្អាកជាបណ្តោះអាសន្នធ្វើឡើង បន្ទាប់ពីដំណើរការរង់ចាំលទ្ធផលតេស្តកូវីដ-១៩ ទៅលើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។ ក្នុងវិធានការនេះក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តទាំងអស់គ្នាដើម្បីប្រសិទ្ធភាពការពារការឆ្លងពីជំងឺកូវីដ-១៩។