ប្រទេស បង់ក្លាដែស បោះឆ្នោតជាតិកាលពីថ្ងៃ អាទិត្យ លទ្ធផលបក្សកាន់អំណាចទទួលបាន ២៨៧អាសនៈ បក្សប្រឆាំងទទួលបាន ៦ អាសនៈ

បង់ក្លាដែស៖ គណបក្សកាន់អំណាច បង់ក្លាដែស ដឹកនាំដោយលោកស្រី Sheikh Hasina បានទទួលជោគជ័យ ភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយទទួលបាន បានឈ្នះ 287អាសនៈក្នុងចំណោមអាសនៈទាំងអស់ចំនួន 298អាសនៈ ។

លោកស្រី Sheikh Hasina ជានាយករដ្ឋមន្រ្តីទី១០ របស់ប្រទេសបង់ក្លាដែស នឹងបន្តកាន់កាប់អាណត្តិទីបី បន្ទាប់ពីលទ្ធផលឈ្នះការបោះឆ្នោត ក្នុងថ្ងៃចន្ទនេះដែលគណបក្សប្រឆាំង បានច្រានចោល ។  ខណៈមានរបាយការណ៍ថា មានមនុស្សរហូតដល់ ១៧នាក់បានស្លាប់ ដោយសារអំពើហិង្សាក្នុងថ្ងៃបោះឆ្នោត។

គណបក្សប្រឆាំងធំបំផុតរបស់ បង់ក្លាដែសឈ្មោះថា គណបក្សជាតិនិយមបង់ក្លាដេស (BNP) បានទទួលអាសនៈតែ 6 ប៉ុណ្ណោះ។ មេដឹកនាំបក្សប្រឆាំង ក៏បានអំពាវនាវឱ្យ គណៈកម្មាធិការបោះឆ្នោតមានការបោះឆ្នោតជាថ្មី ដោយចោទប្រកាន់ថា ការបោះឆ្នោតនោះមានការកេងបន្លំ។

គួរបញ្ជាក់ថាប្រជាជនបង់ក្លាដែស១០៤លាននាក់ បានចុះឈ្មោះបោះឆ្នោត ហើយការិយាល័យបោះឆ្នោតជាង៤០,០០០កន្លែង បានបើកទ្វារនៅម៉ោង ៨៖០០នាទីព្រឹកថ្ងៃអាទិត្យ រហូតដល់មោង៤រសៀល៕