ក្នុងវ័យ២០ឆ្នាំ បានជាប់ជានិស្សិតឆ្នើមប្រចាំជំនាន់បីឆ្នាំជាប់គ្នា ក្នុងមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលលោក ប៊ុន សិលា បង្ហើបប្រាប់ពីគន្លឹះនៃការសិក្សា ក៏ដូចជាវិធីសាស្រ្តនៃការត្រៀមប្រលង។
លោក ប៊ុន សិលា បង្ហើបប្រាប់ក្រមាប៉ុស្តិ៍ថាលោកនៅសាលា គឺរៀនដូចគេឯងទេ ពោលគឺ ស្ដាប់សាស្រ្តាចារ្យពន្យល់មេរៀននិងកត់ចំណាំធម្មតា។ លុះពេលដល់ផ្ទះ “គឺត្រូវតែរៀនឲ្យចេះតែម្ដង”។ ក្នុងការរៀនឲ្យចេះតែម្ដងនេះ លោកបានណែនាំ ពីចំនុចពិសេសផ្ទាល់ខ្លួនមួយដោយប្រើបច្ចេកវិទ្យា មកជាជំនួយក្នុងការសិក្សា។ កាលណាលោកមិនសូវយល់ច្បាស់នូវចំនុចណាមួយក្នុងមេរៀន ដែលសាស្រ្ដាចារ្យបានពន្យល់ លោកតែងតែប្រើបច្ចេកវិទ្យាមកជួយស្រាវជ្រាវបន្ថែមទៀត។
ទោះជាយ៉ាងណា និស្សិតឆ្នើម ប៊ុន សិលាក៏បានបញ្ជាក់ផងដែរថា “ ការស្រាវជ្រាវហ្នឹង ក៏អត់ទាន់គ្រប់គ្រាន់ដែរ។ជួនកាល ត្រូវមើលសាច់ដុំដៃ រូបឆ្អឹងឬ អ្វីផ្សេងទៀត ខ្ញុំអាច Download(ទាញយក) កម្មវិធីជាលក្ខណៈ 3D មកជួយបន្ថែម”។ និស្សិតរូបនេះ បានបន្តទៀតថា ការ downloadនិងសិក្សាតាមទម្រង់ជាលក្ខណៈ3Dនេះវាអាចឲ្យលោកបានយល់ច្បាស់ និងគ្រប់ជ្រុងជ្រោយនៃមេរៀន។លោកបានសង្កត់ធ្ងន់ថា ការរៀនតាមកម្មវិធី 3Dនេះ វាងាយស្រួល ហើយជួយឲ្យរៀនឆាប់ចេះបានលឿនណាស់ ។
គន្លឺះនៃការមើលមេរៀនមុនប្រលង
ចំពោះវិធីសាស្រ្ត នៃការរៀនត្រៀមប្រលង របស់យុវនិស្សិតម្នាក់នេះមានលក្ខណៈប្លែកពីនិស្សិតដទៃទៀត។ និស្សិតដទៃ ជាធម្មតាចូលចិត្តមើលកម្រងសំនួរចម្លើយមុន ប៉ុន្តែនិស្សិត ប៊ុន សិលាចូលចិត្តមើលមេរៀនមុន ក៏ដូចជាសង្ខេបមេរៀនផងដែរ។
លោកបានបន្ថែមថា “ការសង្ខេបមេរៀនវាងាយស្រួលក្នុងការយកមកមើលឡើងវិញ និងចំនេញពេលវេលាផងដែរដោយមិនចាំបាច់យកមេរៀនដុំធំមកមើល”។
គួរបញ្ជាក់ផងដែរថា ជាធម្មតានិស្សិតម្នាក់នេះ តែងតែមើលរៀនឲ្យចេះ និងទន្ទេញចាំជាស្រេចទៅហើយ។លុះដល់ពេលមុនប្រលង គេគ្រាន់តែអាន ក៏ដូចជារំលឹកឡើងវិញបន្តិចបន្តួចប៉ុណ្ណោះ។
វិធីសាស្រ្តនៃ ការធ្វើវិញ្ញាសាពេលប្រលង
ប៊ុន សិលា បា្រប់ក្រមាប៉ុស្ដិ៍ ថា “នៅពេលប្រលងខ្ញុំឆ្លើយវិញ្ញាសាប្រលងតាមលំដាប់។ និយាយទៅខ្ញុំសរសេរតាមលំដាប់ពីលើចុះក្រោម ហើយវាស្រួលអ្នកកែផង”។ លោកបកស្រាយបន្ថែមថានៅក្នុងវិញ្ញាសាប្រលងមួយ មានសំនួរប្រមាណ២០សំនួរ ហើយសំនួរទាំង២០នោះពុំមែនសាស្រ្តាចារ្យតែម្នាក់ជាអ្នកចេញនោះទេពោលគឺចេញដោយសាស្រ្តាចារ្យផ្សេងៗ។ ដូច្នេះហើយ និស្សិតម្នាក់នេះនិយាយថា “អញ្ចឹងខ្ញុំសរសេរតាមលំដាប់មកគ្រូណាកែសំនួរណា គាត់ងាយរកកែឃើញស្រួល”។
ជាចុងក្រោយ លោកប៊ុន សិលា បានផ្ដាំផ្ញើក៏ដូចជាចែករំលែកនូវ គន្លឹះបឋមពីរងាយៗ ដើម្បីឲ្យរៀនពេទ្យឆាប់ចេះនិងមានភាពងាយស្រួល ទៅកាន់និស្សិតវេជ្ជសាស្រ្ត និងសិស្សនៅវិទ្យាល័យ ដែលមានបំណងចូលរៀនផ្នែកវេជ្ជសាស្រ្តផងដែរ។
គន្លឹះទីមួយរបស់និស្សិតឆ្នើមមួយរូបនេះគឺត្រូវមានកម្រិតភាសា។ បើចង់រៀនវេជ្ជសាស្រ្តស្រួល ដំបូងចាំបាច់គឺភាសាឲ្យចេះច្បាស់។ជាងនេះទៅទៀត ភាសានេះ មិនសំដៅលើតែបារាំងទេ អង់គ្លេសក៏បានដែរតែបើចេះបារាំងកាន់តែប្រសើរ។ និស្សិតរូបនេះ បានបញ្ជាក់ថា “ចេះភាសាជាទុន ក្នុងការស្រាវជ្រាវមេរៀនខាងក្រៅ”។បើភាសាបានហើយ គន្លឹះទីពីរគឺ យកភាសាដែលចេះហ្នឹង មកអានសៀវភៅឲ្យបានច្រើន។លោកបានសង្កត់ធ្ងន់ថា “កាលណាយើងមានភាសាខ្ពស់ អានបានច្រើនពេលនោះហើយយើងបែកប្រាជ្ញាហើយ” ៕
អត្ថបទដោយ ម៉េង សុខហួយ