ហេតុនេះហើយ បញ្ហារួមនិងចម្បងជាងគេ ដែលនិស្សិតមកពីខេត្តច្រើនជួបប្រទះ នោះគឺការប្រើប្រាស់ភាសាអង់គ្លេស។ កញ្ញា សឹម ហូឡាសូរិយាដែលជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យហ្សាម៉ាន់ (ZAMAN) ទាញការចាប់អារម្មណ៍ថា៖ “វាជារឿងធម្មតាទេដែលបុគ្គលម្នាក់ៗតែងជួប
នូវការលំបាកខ្លាំង នៅពេលរៀននូវភាសាថ្មីមួយជាលើកដំបូងហើយខ្លួនពុំដែលចេះពីមុន ប៉ុន្តែនៅពេលដែលបានយល់ដឹង និងចេះកាន់តែច្រើនយើងនឹងកាន់តែចូលចិត្តភាសានោះ”។
និយាយទាំងញញឹមតិចៗលោក ខាន់ ច័ន្ទឌី ដែលស្រុកកំណើតនៅខេត្តកោះកុង ហើយបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Simon Fraser Universityនិងបច្ចុប្បន្នជាសាស្រ្តាចារ្យបង្រៀន ភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស (IFL) ពន្យល់ថា “ដើម្បីរៀនភាសាអង់គ្លេសអោយពូកែ និស្សិតត្រូវពង្រឹងជំនាញសំខាន់ទាំងបួនគឺ ការអាន ការសរសេរ ការនិយាយនិង ការស្តាប់។”
លោកបានបន្តថា ចំពោះការអាន សិស្សត្រូវរកសៀវភៅធ្វើតេស្ត ធូហ្វូល (TOEFL) និងអាយអ៊ីអុលធីអេស(IELTS) ដែលជាវិញ្ញាសាប្រឡងសមត្ថភាពភាសាអង់គ្លេសដែល ទទួលស្គាល់ជាអន្តរជាតិ ព្រោះនៅក្នុងសៀវភៅទាំងនោះមានសរសេរនូវគន្លឹះ ក្នុងការធ្វើលំហាត់ ពាក់ព័ន្ធនឹងការអានធ្វើយ៉ាងណាអោយបានពិន្ទុច្រើន។លើសពីនេះទៅទៀតដើម្បីពង្រឹងការអាន ជាទូទៅនិស្សិតត្រូវព្យាយាមទទួលនូវព័ត៌មានផេ្សងៗ តាមរយៈការអានច្រើនជាងការសួរព័ត៌មានពីគេ។
ចំពោះការសរសេរ និស្សិតគួរតែមានសៀវភៅកំណត់ហេតុ ដើម្បីសរសេរនូវការយល់ឃើញរបស់ខ្លួន ឬក៏សរសេរពីអ្វីដែលរៀនពីក្នុងថ្នាក់។ និស្សិតត្រូវពិនិត្យសំណង់ប្រយោគ និងគំនិតរបស់អ្នកនិពន្ធសៀវភៅហើយត្រូវរៀនប្រើសំណង់ប្រយោគនោះដើម្បីសរសេរអោយបានត្រឹមត្រូវ។ បន្ថែមពីលើការអាន និងការសរសេរ និស្សិតក៏គួរតែពង្រឹងការស្តាប់តាមរយៈ កម្មវិធីវិទ្យុជាភាសាអង់គ្លេស ឬមើលកម្មវិធីទូរទស្សន៍ ជាភាសាអង់គ្លេស។ យ៉ាងហោចណាស់ និស្សិតត្រូវប្រើពេលសម្រាប់ការស្តាប់មួយម៉ោង ក្នុងមួយថ្ងៃ។
ក្រៅពីការរៀនអាន រៀនស្តាប់និងរៀនសរសេរ និស្សិតក៏មិនអាចមើលរំលងបានចំពោះការអនុវត្តន៍ជំនាញ ក្នុងការនិយាយជាភាសាអង់គ្លេសនោះដែរ និស្សិតគួរតែទម្លាប់ស្តាប់វិទ្យុ ឬមើលទូរទស្សន៍ ដើម្បីអោយសុំានឹងការនិយាយ របស់ម្ចាស់ភាសា ទាំងការបព្ចោញសំឡេង ការអានពាក្យនិមួយៗ និងរប្រៀបនិយាយរបស់ពួកគេ ដើម្បីត្រាប់និយាយតាម។បន្ថែមពីលើនេះដែរ ការអានក៏ជាមធ្យោបាយមួយ ជួយជំរុញដល់ការអភិវឌ្ឍន៍ផ្នែកទំនាក់ទំនង ពោលគឺការប្រស្រ័យទាក់ទងគ្នា ព្រោះការអានអាចអោយនិស្សិតមានគំនិតច្រើនក្នុងការនិយាយ។
ជុំវិញវិធីសាស្រ្តក្នុងការសិក្សាភាសាអង់គ្លេស អោយឆាប់ចេះនេះដែរ សាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស (IFL)ម្នាក់ទៀត លោក ចាប វិក្រាន្ត និងជាបេក្ខជនទើបទទួលបានជ័យជំនះក្នុងកម្មវិធីប្រកួតនិយាយភាសាអង់គ្លេស Springboard បានអោយដឹងថា៖“ដើម្បីឆាប់ចាប់បាននូវមេរៀននិង ប្រើប្រាស់ភាសាអោយបានស្ទាត់ជំនាញ សិស្សនីមួយៗត្រូវស្វែងរកឱកាសដើម្បីប្រើប្រាស់ភាសាដូចជា ការពិភាក្សាក្នុងថ្នាក់ជាមួយមិត្តភក្តិការសន្ទនាជាមួយគ្រូ និងការប្រាស្រ័យទាក់ទងជាមួយជនបរទេស។ សិស្សត្រូវជំនះ នូវអារម្មណ៍អៀនខ្មាសភ័យខ្លាចដើម្បីបានពង្រឹង ការប្រើប្រាស់ភាសា។”
ការរៀនភាសាអង់គ្លេស អោយឆាប់ចេះនេះមានគន្លឹះជាច្រើនហើយក្រៅពីគន្លឹះដែលផ្តល់ដោយសាស្រ្តាចារ្យទាំងពីរខាងលើនេះនិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យហ្សាម៉ាន់ (Zaman) កញ្ញា សឹម ហូឡាសូរិយា បានគូសបញ្ជាក់បន្ថែមទៀតថា៖ “ដើម្បីធ្វើអោយការបញ្ចេញសំឡេង ជាភាសាអង់គ្លេសអោយមានលក្ខណៈល្អប្រសើរ និស្សិតត្រូវព្យាយាម និយាយភាសាអង់គ្លេស ទោះបីជាមានការប្រើប្រាស់វេយ្យាករណ៍ខុសយ៉ាងណាក្តីប៉ុន្តែបើនិស្សិតព្យាយាមនិយាយ និងព្យាយាមកែកំហុសវេយ្យាករណ៍ពេលដែលនិយាយ ហើយព្យាយាមនិយាយយឺតៗនិងច្បាស់ៗ នោះនិស្សិតនឹងសង្កេតឃើញថា កំហុសនឹងត្រូវបានកាត់បន្ថយ។” កញ្ញាបន្ថែមទៀតថាចំពោះការស្តាប់ និស្សិតគួរតែស្តាប់កម្មវិធី ជាភាសាអង់គ្លេសដូចជា Tedtalk ដែលជាកម្មវិធីផ្តល់ចំណេះដឹងលើប្រធានបទជាច្រើនដែលប្រើប្រាស់ភាសាអង់គ្លេសជាគោលឬស្តាប់ចំរៀងជាភាសាអង់គ្លេសជាដើម។
អតីតនិស្សិតមកពីខេត្តម្នាក់ កញ្ញាមាស ច័ន្ទសត្យា ជាបេក្ខជនដែលបានចូលរួមកម្មវិធីអន្តរជាតិជាច្រើន និង ជាបុគ្គលិកផ្នែកលក់ ក្រុមហ៊ុនអចលនទ្រព្យ Century 21 បានបង្ហើបថា និស្សិតគួរតែសិក្សាអោយបានច្រើន ពីរបៀបសរសេរសំណេរផេ្សងៗគ្នា ដោយការអានសំណេរ របស់អ្នកនិពន្ធ ឬមិត្តភក្តិ ដើម្បីធ្វើអោយរបៀបក្នុងការសរសេរនោះមានលក្ខណៈល្អប្រសើរ ហើយអាចទាក់ទាញចំណាប់អារម្មណ៍អ្នកអានបាន។
កញ្ញាសំបុរសណ្តែកបាយ រូបនេះបានបន្តទៀតថា៖ “និស្សិតគួរតែអានពត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាប្រលោមលោក ជាភាសាអង់គ្លេស ដោយព្យាយាមយល់ន័យ របស់ពត៌មានឬប្រលោមលោកនោះ ទោះបីនិស្សិតមិនយល់ន័យ របស់ពាក្យទាំងអស់ ដែលគេប្រើក្នុងអត្ថបទនោះក៏ដោយ ប៉ុន្តែនិស្សិតត្រូវព្យាយាម យល់ដោយមើលបរិបទរបស់ព័ត៌មាននោះ។”
និស្សិតគួរតែប្រើវចនានុក្រមអង់គ្លេស-អង់គ្លេសព្រោះវាអាចជួយអោយនិស្សិតរៀនគិត និងយល់ជាភាសាអង់គ្លេស នៅពេលអាន ដោយមិនបាច់ចំណាយពេល បកប្រែជាភាសាខ្មែរ។ជាចុងក្រោយ លោក ខាន់ច័ន្ទឌី បានផ្តាំផ្ងើដល់និស្សិតថា៖“ដើម្បីរៀនភាសាអង់គ្លេសអោយពូកែ ជំហានដំបូងនិស្សិតត្រូវ បណ្តុះចំណង់ចំណូលចិត្ត ចំពោះភាសានេះសិន៕”