និស្សិតអាហារូបករណ៍ទៅក្រៅស្រុកទាំងឡាយ រមែងតែងតែមានរឿងរ៉ាវផ្ទាល់ខ្លួន ពិសេសណាមួយអំពីរូបគេ។

មានដើមកំណើត ពីខេត្តពោធិ៍សាត់យុវជនកម្ពុជាវ័យ ២២ឆ្នាំ ទូច ថៃលាង បានប្រលងជាប់អាហារូបករណ៍ទៅសិក្សាវគ្គបណ្តុះបណ្តាលឯកទេស វិជ្ជាជីវៈនៅប្រទេសជប៉ុន ដែលសព្វថ្ងៃនេះលោកកំពុងសិក្សាជំនាញស្ថាបត្យកម្មនៅមហាវិទ្យាល័យបច្ចេកទេសមួយ ក្នុងខេត្ត អូសាកាជាមួយគម្រោងបន្តថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្មនៅឆ្នាំក្រោយ។

ប្រវត្តិនៃការសិក្សា

ដោយមើលឃើញនូវសារៈសំខាន់ផ្នែកភាសាអង់គ្លេសឪពុកម្តាយរបស់ថៃលាងបានសម្រេចចិត្តផ្ទេររូបលោកពីខេត្តមករស់នៅនិងបន្តការសិក្សានៅវិទ្យាល័យបាក់ទូកក្នុងរាជធានីភ្នំពេញវិញ។ក្រោយបញ្ចប់ថា្នក់វិទ្យាល័យក្នុងឆ្នាំ២០១១ លោកបានបន្ត ការសិក្យាផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន។ មួយឆ្នាំក្រោយមកលោកបានប្រលងជាប់ អាហារូបករណ៍ ផ្នែកវេជ្ជសាស្ត្រ ទៅសិក្សានៅសាធារណរដ្ឋគុយបារយៈពេល៤ខែ។ 

ពីកុមារភាពឪពុកម្តាយរបស់ថៃលាង ចង់ឲ្យលោកក្លាយជាគ្រូពេទ្យម្នាក់ហើយលោកក៏ធ្លាប់មានក្តីសុបិន្តចង់ក្លាយជាគ្រូពេទ្យ វេជ្ជសាស្ត្រមួយរូបដែរប៉ុន្តែលោកបានផ្លាស់ប្តូរក្តីស្រមៃមួយនេះ នៅពេលលោកបញ្ចប់ការសិក្សាថា្នក់វិទ្យាល័យ។ លោកបាន និយាយថា៖ “ខ្ញុំចង់ក្លាយទៅជាស្ថាបត្យករនិងសាស្រ្តាចារ្យម្នាក់ ដោយសារតែខ្ញុំចង់ជួយឲ្យវិស័យនេះ មានការរីកចំរើនក្នុងប្រទេសជាតិយើង។” ព្រោះលោកយល់ថានៅកម្ពុជាមិនទាន់មានស្ថាបត្យករជនជាតិខ្មែរច្រើននៅឡើយទេ។

នៅឆ្នាំ២០១៣លោកបានប្រលងជាប់អាហារូបករណ៍ Monbukagakusho ពីរដ្ឋាភិបាលជប៉ុនទៅសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលមានរយៈពេល៣ឆ្នាំ។ នៅឆ្នាំដំបូង សាលាតម្រូវឲ្យលោករៀនភាសាជប៉ុននិង២ឆ្នាំទៀត លោកបានសិក្សា លើផ្នែកវិជ្ជាជីវៈ ហើយសព្វថ្ងៃនេះលោកកំពុងសិក្សាជំនាញស្ថាបត្យកម្មនៅមហាវិទ្យាល័យបច្ចេកទេសយូសេ(Syusei)ក្នុងខេត្ត អូសាកា ប្រទេសជប៉ុន។​ លោកបន្តថា៖ “នៅឆ្នាំក្រោយខ្ញុំនឹងផ្លាស់ប្តូរទៅរស់នៅទីក្រុងហ្វុកគី (Fukui) ដើម្បីបន្តថា្នក់បរិញ្ញាបត្រ ផ្នែកស្ថាបត្យកម្មរយៈពេល២ឆ្នាំទៀតនៅសាកលវិទ្យាល័យហ្វុកគី (Universityof Fukui)។”

អាហារូបករណ៍ទៅកាន់ប្រទេសជប៉ុន 

បំណងប្រាថ្នាចង់បានរបស់និស្សិតគ្រប់រូបគឺការប្រលងជាប់បានចេញទៅសិក្សានៅបរទេស ប៉ុន្តែមាននិស្សិតមួយចំនួន មិនបានក្តាប់ឲ្យជុំអំពីព័ត៌មាន និងដំណើរការនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ទៅក្រៅប្រទេសនោះទេ។

ថៃលាង បាន​និយាយថា៖ “ខ្ញុំបានទទួលដំណឹងអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនពីនាយកដ្ឋានអាហារូបករណ៍ ក្បែរ ស្ថានីយ៍ទូរទស្សន៍អប្សរា និងស្ថានទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា។”

លោកបានបន្ថែមថាដើម្បីទទួលបានអាហារូបករណ៍ដែលមានឈ្មោះថា Monbukagakusho​ ពីរដ្ឋាភិបាលជប៉ុននេះ ជាដំបូងនិស្សិតត្រូវទៅទិញពាក្យបំពេញសំនុំបែបបទស្នើសុំអាហារូបករណ៍ ពីនាយកដ្ឋាននោះជាមុនសិនបន្ទាប់មកនិស្សិត ទាំងអស់ត្រូវឆ្លងកាត់ការប្រលងសំនេរផ្នែក​ ភាសាអង់គ្លេស ភាសាជប៉ុននិងគណិតវិទ្យា។ នៅពេលឆ្លងផុតដំណាក់កាល នេះហើយពួកគេនឹងត្រូវបន្តទៅវគ្គសំភាសន៍ផ្ទាល់មាត់នៅឯស្ថានទូតជប៉ុននៅកម្ពុជា។និស្សិតទាំងអស់ត្រូវរង់ចាំ លទ្ធផល នៃការជំរុះចុងក្រោយនេះ នៅសប្តាហ៍ទី២ ក្នុងខែធ្នូដោយឆ្លងកាត់ការជ្រើសរើសពីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសជប៉ុនដែលមានឈ្មោះកាត់ថា MEXT។

ថៃលាង ក៏បានបង្ហើបពីគន្លឹះដើម្បីប្រលងយកអាហារូបករណ៍នេះឲ្យបានជោគជ័យផងដែរ។ ពោលគឺថាបេក្ខជនទាំងអស់ត្រូវហឹ្វកហាត់ធ្វើលំហាត់គំរូដែលមានដាក់ឲ្យសាកល្បងលើគេហទំព័រ www.studyjapan.go.jpឲ្យបានច្រើន។ ចំណែកឯ ការសំភាសន៍វិញ ភាគច្រើនគណៈមេប្រយោគនឹងសួរព័ត៌មានទាក់នឹងអ្វីដែលបេក្ខជន បានសរសេរដាក់ក្នុងពាក្យសុំអាហារូបករណ៍ បេក្ខជនក៏ត្រូវមានចំនេះដឹងទូទៅទាក់ទិនទៅនឹង វប្បធម៌របស់ប្រទេសជប៉ុននិងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ទៅលើប្រទេសនេះផងដែរ។

ជារឿងសាមញ្ញដែលរាល់ដំណើរការនៃការប្រលងយកអាហារូបករណ៍ទាំងឡាយមានភាពលំបាក និងការប្រកួតប្រជែងខ្លាំងព្រោះមិនមែនមានតែបេក្ខជនតែម្នាក់នោះទេដែលដាក់ពាក្យស្នើសុំ។ ករណីរបស់ថៃលាងក៏មិនខុសគ្នាដែរ លោកបាន និយាយថា៖ “ភាសាអង់គ្លេសរមែងជាបញ្ហាសម្រាប់និស្សិតមកពីខេត្តដូចជារូបលោកព្រោះថាគេមិនត្រឹមតែតម្រូវឲ្យ បេក្ខជន ប្រលងសំនេរវិញ្ញាសាភាសាអង់គ្លេសនោះទេសូម្បីតែការវិញ្ញាសាគណិតវិទ្យាក៏ត្រូវសរសេរជា ភាសាអង់គ្លេសដែរ សម្រាប់ អាហារូបករណ៍រដ្ឋាភិបាលជប៉ុន។” លោកគូសបញ្ជាក់ថាសំខាន់បំផុតគឺបេក្ខជនត្រូវចេះសាកធ្វើលំហាត់ឲ្យបានច្រើន និងពិភាក្សាជាមួយសិស្សច្បងដែលមា​នបទពិសោធន៍។ 

បទពិសោធន៍ក្រោយពេលប្រលងជាប់ទៅសិក្សា

ការចាកចេញឆ្ងាយពីក្រុមគ្រួសារ  ចំពោះថៃលាងមិនសូវជាមានបញ្ហាចោទនោះទេដោយសារតែលោកធ្លាប់បានផ្លាស់ពីខេត្ត មករស់នៅភ្នំពេញនិងធ្លាប់ទៅសិក្សានៅប្រទេសគុយបារ​យៈពេល៤ខែស្រាប់ទៅហើយ ប៉ុន្តែម្ហូបអាហារ វប្បធម៌និងភាសា ពិតជាបញ្ហាសម្រាប់លោកក្នុងការសម្របខ្លួននៅប៉ុន្មានខែដំបូង “ខ្ញុំត្រូវចំណាយពេលជាងមួយខែ ដើម្បីឲ្យស៊ាំនឹងម្ហូបនៅ ទៅនេះហើយនៅក្នុងថ្នាក់រៀនភាសាជប៉ុន វាជារឿងគួរឲ្យអស់សំនើច ណាស់ដែលខ្ញុំត្រូវប្រើកាយវិការពេលខ្លះ ដើម្បីធ្វើការ ទំនាក់ទំនងក្នុងថ្នាក់រៀន។”ចំពោះវប្បធម៌នៃការរស់នៅប្រចាំថ្ងៃ ជារឿយៗលោកតែងតែសាកសួរសិស្សច្បងនៅទីនោះ។

ថៃលាងពិតជាឲ្យតម្លៃទៅលើការចេញទៅសិក្សាក្នុងប្រទេសជឿនលឿនដូចជាប្រទេសជប៉ុននេះយ៉ាងណាមិញ លោកមិនបានព្យាយាមធ្វើការប្រៀបធៀបវិស័យអប់រំរបស់គេជាមួយប្រទេសកម្ពុជានោះទេ។​លោកគ្រាន់តែបាននិយាយថា នៅសាលាលោក មិនត្រឹមតែបានរៀនសូត្រពីទ្រឹស្តីនោះទេសាលាក៏តម្រូវឲ្យលោកចូលរួមថ្នាក់ពិសោធផ្សេងៗ ដើម្បីយកទ្រឹស្តីមកផ្សាភ្ជាប់នឹងការអនុវត្ត។ ជាងនេះទៅទៀតនិស្សិតនៅទីនោះក៏ត្រូវចូលរួមវេទិការអប់រំដូចជាថ្នាក់រចនាម៉ូតវិធីសាស្រ្តក្នុងការចាប់យក រូបភាពតាមរបៀបស្ថាបត្យកម្មនិងការចុះកម្មសិក្សាក៏ដូចជាទស្សនកិច្ចសិក្សាជាដើម។​ លោកបានបន្ថែមថា សាលាក៏តែងតែមានការប្រកួតប្រជែងផ្នែកស្ថាបត្យកម្មសម្រាប់ឲ្យនិស្សិតបានបញ្ចេញស្នាដៃរបស់គេជាសាធារណៈ។​

ឧទាហរណ៍ដូចជា​រដ្ឋាភិបាល មានគម្រោងចង់អភិវឌ្ឍសាងសង់អគារក្នុងតំបន់មួយដូច្នេះរដ្ឋនឹងចេញពីល័ក្ខខណ្ឌ និងតម្រូវការ ដែលចង់បានបន្ទាប់មកឲ្យនិស្សិតចុះឈ្មោះចូលរួមប្រកួតជាសាធារណៈ។រង្វាន់សម្រាប់ជ័យលាភីមិនត្រឹមតែជា ទឹកប្រាក់នោះទេ សមិទ្ធិផលរបស់អ្នកឈ្នះនឹងត្រូវយកទៅសិក្សា និងសាងសង់ពិតៗតែម្តង។ “នេះជាការលើកទឹកចិត្តដ៏ ល្អមួយសម្រាប់ជំរុញឲ្យនិស្សិតស្ថាបត្យកម្មទាំងឡាយមានការរីកចំរើន និងចាប់អារម្មណ៍កាន់តែខ្លាំងទៅលើមុខជំនាញនេះ។”

ថៃលាង មិនទាន់ប្រាកដថាលោកនឹងបន្តថ្នាក់បណ្ឌិតនៅឡើយទេប៉ុន្តែលោកមានគម្រោងបន្តការសិក្សាថា្នក់អនុបណ្ឌិតនិងធ្វើការនៅប្រទេសជប៉ុនឲ្យបាន២ទៅ៣ឆ្នាំសិនដើម្បីដកបទពិសោធន៍ “ព្រោះខ្ញុំជឿជាក់ថា បើសិនជាមកសិក្សានៅ ក្រៅប្រទេស ហើយមិនធ្វើការនោះវានឹងមិនផ្តល់ឲ្យលោកនូវជំនាញបច្ចេកទេសពិតៗឡើយ ពោលគឹថាបានត្រឹមតែនាំយកទ្រឹស្តីមកផ្ទះវិញប៉ុណ្ណោះ។” លោកក៏មានបំណងត្រលប់មកប្រទេសកម្ពុជាវិញនិងក្លាយជាសាស្រ្តចារ្យម្នាក់ដើម្បីសាបព្រួសទាំង ចំនេះដឹងនិងបទពិសោធន៍ដែលលោកទទួលបានក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសផងដែរ។

ជាចុងក្រោយលោកក៏​សូមផ្តាំផ្ញើទៅដល់យុវជនទាំងឡាយកុំឲ្យឆាប់បាក់ទឹកចិត្តនៅពេលទទួលបរាជ័យណាមួយនិងត្រូវខិតខំ ស្វែងរកវិធីសាស្រ្តផ្សេងៗដើម្បីទទួលបានជោគជ័យក៏ដូចជាការកំណត់យកគោលដៅអ្វីមួយដែលខ្លួនចង់ធ្វើឲ្យបានជាក់លាក់។ “សម្រាប់និស្សិតដទៃទៀតដែលមកពីខេត្តដូចជារូបខ្ញុំមិនត្រូវគិតថាវាយឹតពេលក្នុងការរៀនអ្វីមួយនោះទេ រឹតតែមិនត្រូវឲ្យភាពមិនចេះភាសាអង់គ្លេសជាឧបសគ្គរបស់អ្នកក្នុងការស្នើសុំអាហារូបករណ៍៕”

អត្ថបទដោយ  ងី សុវណ្ណរដ្ឋានី