ទស្សនៈអ្នកសិក្សា៖ ការដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈ ក្នុងទីប្រជុំជន ជាពិសេសក្រុងភ្នំពេញពិតជាផ្ដល់ភាពងាយស្រួល សន្សំសំចៃ លើការចំណាយមួយផ្នែករបស់ប្រជាពលរដ្ឋដែលជីវភាពប្រចាំថ្ងៃនៅមានកម្រិតជាពិសេសគឺក្មេងៗ សិស្សនិស្សិត ចាស់ជរា កម្មកររោងចក្រ ជាដើម ត្រូវទទួលបានការជិះរថយន្តដោយមិនគិតថ្លៃជាពិសេស ជារៀងរាល់ពិធីបុណ្យប្រពៃណីជាតិធំៗ បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជំបិណ្យរដ្ឋតែងផ្ដល់សេវារថយន្តក្រុងដោយមិនគិតថ្លៃសម្រាប់គ្រប់គ្នា។
ប្រសិនបើ បន្តការផ្ដល់ដោយឥតគិតថ្លៃសេវា ដល់គ្រប់គ្នាក្មេងចាស់ប្រុសស្រី ជារាល់ថ្ងៃ នោះនឹងមាននូវប្រយោជន៍កានតែច្រើនដូចជាអ្នកដំណើរអាចសន្សំលុយថ្លៃឡានក្រុង សន្សំថ្លៃប្រេងឥន្ទនៈ ឯរដ្ឋក៏អាចចំនេញលើ ការកកស្ទះចរាចរតាមដងផ្លូវការចំណាយផ្នែករដ្ឋបាល និងគោលនយោបាយផងដែរ។ តើរដ្ឋនឹងមានលទ្ធភាព ផ្គត់ផ្គង់ការចំណាយលើសេវានេះទាំងស្រុងដែរឬទេដែលមិនតិចជាង សែនដុល្លារឡើយ ក្នុងមួយឆ្នាំៗ។
ងាកមកមើលទិន្នាការសកល ប្រហែលមាន១០០ទីក្រុង កំពុងតែឈានទៅរកការផ្ដល់សេវារថយន្តសាធារណៈដោយមិនគិតថ្លៃ។ ជាក់ស្ដែងថ្មីៗនេះ ប្រទេសនៅអឺរ៉ុប ដូចជា លុចសំបួរ បានផ្ដល់សេវាដឹកជញ្ជូនសាធារណៈដល់ពលរដ្ឋរបស់ខ្លួនមិនគិតថ្លៃផ្ដើមពីខែ៣ ឆ្នាំ២០២០នេះ។ ហើយបារាំង អង់គ្លេស និងអាមេរិក ក៏មានសេវានេះតាមក្រុងខ្លះផងដែរ។
ប្រសិនបើរថយន្តក្រុងសាធារណៈ ដំណើរការល្អមានប្រសិទ្ធិភាព ចេញដំណើរតាមពេលវេលាកំណត់ ដល់គ្រប់គោលដៅក្នុងក្រុង ថែមទាំងមិនគិតថ្លែមែននោះនឹងនាំឲ្យចំនួនអ្នកប្រើប្រាស់សេវានេះ នឹងកាន់តែពេញនិយម ជាងនេះគឺ អាចជួយកាត់បន្ថយភាពក្រីក្រកាត់បន្ថយការប្រើប្រាស់យានយន្តនៅតាមដងផ្លូវ ការកកស្ទះចរាចរគ្រោះថ្នាក់ចរាចរនឹងថយចុះ ការបញ្ចេញចំហេះផ្សែងពុលពីរថយន្តក៏មានតិច ដែលអាចជួយដល់បរិស្ថានក្នុងការទប់ស្ដាត់វិបត្តិការប្រែប្រួលអាកាសធាតុ ។
ទោះជាយ៉ាងណាក៏ដោយ មួយជ្រុងទៀតគិតថា បុគ្គលិកអ្នកបើកបរដែលធ្វើការក្នុងការផ្ដល់សេវានេះ ត្រូវផ្ដល់ប្រាក់ខែ។ រថយន្តត្រូវចំណាយលើប្រេងម៉ាសូតការថែទាំ ដូច្នេះ អ្នកជិះមួយផ្នែក ត្រូវតែបង់ប្រាក់ខ្លះលើថ្លៃរថយន្តក្រុងសាធារណៈ ផងដែរ៕
តើលោកអ្នក មានទស្សនៈនិងការយល់ឃើញយ៉ាងណា?