សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បច្ចុប្បន្ននេះដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន ប្រភពព័ត៌មានកាន់តែច្រើនឡើងៗបានចូលមកក្នុងជីវិតរបស់យើងទាំងតាមរ​យៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការ និង​តាមរយៈបណ្តាញទំនាក់ទំនងសង្គម។ នៅក្នុងនោះ​ យើងឃើញថាប្រភពព័ត៌មានមួយចំនួន​មិនមែនជាព័ត៌មានពិត ឬមិនមែនជាព័ត៌មានដែលនាំឱ្យយើងរីកចម្រើននោះទេតែផ្ទុយមកវិញវាអាចជារឿងមិនពិត ព័ត៌មាន​ដែលត្រូវបានគេបង្កើតឡើងដើម្បីឱ្យភ្ញាក់ផ្អើលឬរឿងជាច្រើនទៀតដែលប៉ះពាល់ដល់ការរស់នៅរបស់យើងផ្ទាល់។

នៅថ្ងៃនេះក្រមា ប៉ុស្តិ៍ សូមបង្ហាញចំណុចសំខាន់ៗចំនួន ២យ៉ាងដើម្បីទទួលព័ត៌មានឱ្យមានប្រយោជន៍សម្រាប់ជីវិត។

១. ជ្រើសរើសប្រភពនិងផ្ទៀងផ្ទាត់

ការអាន ឬតាមតានព័ត៌មានមិនមែន​ចេះតែជឿទៅតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយដែលឃើញនៅលើទូរស័ព្ទដៃឬកុំព្យូទ័ររបស់យើងនោះទេ។ វាទាមទារឱ្យយើងចេះជ្រើសរើសប្រភពឱ្យបានច្បាស់លាស់។ប្រសិនបើយើងកំពុងតាមដានបណ្តាញសង្គម ចាំបាច់ណាស់ត្រូវតែមានការសម្រិតសម្រាំងរកប្រភពទាំងឡាយណាដែលផ្លូវការនិងអាចទុកចិត្តបាន ជៀសវាងគ្រាន់តែជឿលើការបង្ហោះរបស់បុគ្គលឯកជនឬទំព័រណាមួយដែលមិនច្បាស់ការ។

ហេតុនេះមុន​នឹង​ជឿលើប្រភពណាមួយអ្វីដែលចាំបាច់ ត្រូវតែធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងសារព័ត៌មានផ្លូវការឬប្រភពព័ត៌មានចំពោះផ្នែកជំនាញដែលពាក់ព័ន្ធ។ ឧទារហណ៍ប្រសិនបើមានព្រឹត្តិការណ៍ណាមួយត្រូវបានគេបង្ហាញឡើង​ពាក់ព័ន្ធនឹងបញ្ហាសុខាភិបាលហេតុនេះអ្វីដែលយើងត្រូវផ្ទៀតផ្ទាត់គឺប្រភពព័ត៌មានពីក្រសួងសុខាភិបាល។

២.ពិនិត្យមើលចំណុចសំខាន់ៗក្នុងអត្ថបទព័ត៌មាន

ក្រៅពីប្រភពព័ត៌មាន អ្នកអានព័ត៌មានក៏គួរយល់ដឹងខ្លះៗផងដែរ ពីទម្រង់នៃអត្ថបទព័ត៌មាននិងធាតុសំខាន់មួយចំនួនក្នុងការផ្តល់ដំណឹងរបស់អ្នកព័ត៌មាន។

ចំណុចសំខាន់ដែលអ្នកអានត្រូវដឹងជាបឋមគឺ​ ទីតាំងពេលវេលា អ្នកពាក់ព័ន្ធ និងបញ្ហារឿងដែលបានកើតឡើងដោយអត្ថបទស៊ីជម្រៅខ្លះ គេក៏បង្ហាញផងដែរពីវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាទាំងអស់។ បន្ទាប់មកទៀតត្រូវផ្ទៀតផ្ទាត់មើល​លើ​សម្រង់សម្តី និងអ្នកដែលសារព័ត៌មានបានសម្ភាសន៍ថាតើវាជាព័ត៌មានដែល​បាន​ថ្លឹងថ្លែង (balancing) កម្រិតណា? ហើយ​ប្រភពដែលនិយាយក្នុងព័ត៌មាននោះច្បាស់ការកម្រិតណា?

ឧទាហរណ៍ ប្រសិនបើរឿងមួយពាក់ព័ន្ធនឹងជំនាញ​ផ្នែកសុខភាព គេមិនអាចទៅសួរប្រជាជន​ដើម្បីឱ្យបញ្ជាក់ពីជំនាញនោះទេមានតែអ្នកជំនាញទេដែលអាចបកស្រាយបាន តែប្រជាជនអាចនិយាយក្នុងមុំជាអ្នកទទួលសេវាឬជាអ្នកមានបញ្ហាជាដើម៕