យោងតាមច្បាប់សញ្ជាតិថ្មីនេះ បានកំណត់ច្បាស់សម្រាប់ជនបរទេស ដែលមានបំណងចង់សុំសញ្ជាតិខ្មែរ តាមករណីខាងក្រោមជាសង្ខេប៖
I. ដោយការស្មុំកូនពេញលេញ
មាត្រា១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថាកូនជនបរទេស ដែលត្រូវបានសុំជាកូនស្មុំពេញលេញ ដោយសហព័ទ្ធពលរដ្ឋខ្មែរត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញ ត្រូវបានបង្កើតឡើងស្របតាមច្បាប់ជាធរមាន។
II. ដោយអាពាហ៍ពិពាហ៍
មាត្រា១១ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា ស្រ្តីឬបុរសដែលយកប្តីឬប្រពន្ធពលរដ្ឋខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្រ្តីឬបុរសនោះបានរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍និងបានស្នាក់នៅយ៉ាងហោចរយៈពេល ១២ខែ ពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងមាត្រានេះ កូនជាអនីតិជន ដែលមានជនបរទេសជាម្ដាយឬឪពុក ច្បាប់បានអនុញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរជាចង្កោមគ្រួសារ។
មាត្រា១២ នៃច្បាប់សញ្ជាតិថ្មី ក៏មានចែងថា ជនបរទេសដែលអាចសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍បាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖ (១) មានគំនិត មាយាទ និងសីលធម៌ល្អ(២) ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ (៣)មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍(៤) ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះ (៥)មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។
បែបបទនិងនីតិវិធីនៃការទាមទារសញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។ការផ្តល់សញ្ជាតិខ្មែរ តាមករណីទាមទារសញ្ជាតិត្រូវសម្រេចដោយព្រះរាជក្រឹត្យ។
III. សញ្ជាតូបនីយកម្ម (ការសុំចូលសញ្ជាតិខ្មែរ)
ក្នុងការស្នើសុំសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម សម្រាប់វិនិយោគិនអាចបែងចែកជា៤គឺ ជនបរទេសទូទៅ, ជនបរទេសជាអ្នកជំនួញ, ជនបរទេសដែលផ្តល់ថវិកាដើម្បីអភិវឌ្ឍវិស័យណាមួយនៅកម្ពុជា និងជនបរទេស ដែលមានស្នាដៃពិសេសសម្រាប់កម្ពុជា។
ជនបរទេសទូទៅ
តាមរយៈសញ្ជាតូបនីយកម្ម មាត្រា១៩ នៃច្បាប់ថ្មីទាមទារឲ្យជនបរទេស ត្រូវមានគុណសម្បតិ្តចំនួន៥ គឺ (១) បានរស់នៅជាប់ រយៈពេល៧ឆ្នាំក្នុងប្រទេសកម្ពុជា (២) មានសីលធម៌ (៣) មិនដែលមានទោស (៤) ចេះនិយាយ ចេះអក្សរនិងយល់ដឹងខ្លះៗពីប្រវត្តិសាស្ត្រខ្មែរ ហើយទទួលយកបានចំពោះប្រពៃណីខ្មែរ និង(៥) មានបញ្ញានិងកាយសម្បទាល្អ។
ជនបរទេសជាវិនិយោគគិន
មាត្រា២១ នៃច្បាប់ថ្មី ចែងថា ជនបរទេសណា ដែលទទួលបានការអនុញ្ញាតឲ្យវិនិយោគហើយបានចំណាយទុន ក្នុងការអនុវត្តគម្រោងជាក់ស្តែង ក្នុងប្រទេសកម្ពុជាជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។
លក្ខខណ្ឌ៦យ៉ាង ដែលជនបរទេសជាអ្នកវិនិយោគ ជារួមគឺត្រូវបំពេញ (១)បានស្នាក់នៅពេញលេញរយៈពេល១ឆ្នាំ ក្នុងប្រទេសកម្ពុជា (២) មានសីលធម៌ (៣)មិនដែលមានទោស (៤) មានបណ្ណស្នាក់នៅ និងមានទីលំនៅក្នុងប្រទេសកម្ពុជា (៥)ចេះនិយាយ ចេះអក្សរ និងយល់ដឹងខ្លះៗពីប្រវត្តិសាស្ត្រខ្មែរហើយទទួលយកបានចំពោះប្រពៃណៃខ្មែរ និង (៦) មានបញ្ញា និងកាយសម្បទាល្អ។ ចំនួនទឹកប្រាក់សម្រាប់ការវិនិយោគ ត្រូវកំណត់ដោយរដ្ឋាភិបាល តាមរយៈអនុក្រឹត្យ។
ជនបរទេស ដែលបរិច្ចាគថវិកា
មាត្រា២២ នៃច្បាប់សញ្ជាតិថ្មី បានចែងថា ជនបរទេសណាដែលផ្តល់ថវិកា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅកម្ពុជាជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរបាន។
លក្ខខណ្ឌ៥យ៉ាង សម្រាប់ជនបរទេសដែលបានផ្តល់ថវិកាដល់ប្រទេសកម្ពុជា ជារួមត្រូវបំពេញ គឺ (១)បានស្នាក់នៅពេញលេញរយៈពេល៦ខែ ក្នុងប្រទេសកម្ពុជា (២) មានសីលធម៌ (៣)មិនដែលមានទោស (៤) បណ្ណស្នាក់នៅនិងមានទីលំនៅក្នុងប្រទេសកម្ពុជា និង (៥)មានបញ្ញា និងកាយសម្បទាល្អ។ ចំនួនទឹកប្រាក់ ដែលត្រូវបរិច្ចាគគឺត្រូវកំណត់ដោយអនុក្រឹត្យ។
៤. ជនបរទេស ដែលមានស្នាដៃ
មាត្រា២៣ នៃច្បាប់ថ្មី បានចែងថា ជនបរទេសណាដែលបានបង្ហាញភស្តុតាង ពីគុណសម្បត្តិពិសេសឬថ្វីដៃអ្វីមួយរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់កម្ពុជាហើយត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា ជនបរទេសនោះអាចស្នើសុំសញ្ជាតិខ្មែរ។
លក្ខខណ្ខមាន៣យ៉ាង សម្រាប់បរទេសប្រភេទនេះ គឺ (១)មានសីលធម៌ (២) មិនដែលមានទោស និង(៣) មានបញ្ញានិងកាយសម្បទាល្អ។
បែបបទនិងនីតិវិធីនៃការសុំសញ្ជាតិខ្មែរគឺសុទ្ធតែកំណត់ដោយអនុក្រឹត្យ ហើយការផ្តល់សញ្ជាតិខ្មែរ ដល់ជនបរទេសគឺត្រូវសម្រេចដោយព្រះរាជក្រឹត្យ មានន័យថា ត្រូវឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ។ ដំណាក់កាលចុងក្រោយជនបរទេសនោះ ត្រូវតែចូលទៅស្បថក្នុងតុលាការកំពូល៕