សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ជំងឺផ្លូវដង្ហើមកូវីដ-១៩អាចឆ្លងទៅរាងកាយយើងតាមភ្នែកច្រមុះ មាត់បើយើងមិនបានអនុវត្តវិធានការការពារ។ពិសេសវីរុសក៏អាចចម្លងតាមរយៈការចាប់ដៃផ្ទាល់ដែលមានសារធាតុរាវជាប់ជាមួយវីរុសនោះដែលហេតុផលនៃការលាងដៃគឺជារឿងសំខាន់ក្នុងការបង្ការបញ្ហានេះ។ តាមរយៈទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិគឺមូលនិធីអង្គការសហប្រជាជាតិដើម្បីកុមារ(UNICEF) ក៏បានណែនាំចំណុចខ្លះដែលមនុស្សធំអាចស្វែងយល់ពីការលាងដៃបានត្រឹមត្រូវដើម្បីការពារខ្លួននិងដើម្បីកូនៗ កុមារតូចៗដែលជាមនុស្សជាទីស្រលាញ់របស់ខ្លួន។ ចំណុចទាំងនោះមានដូចជា៖
១.តើគួរលាងដៃយ៉ាងណាឱ្យបានស្អាតត្រឹមត្រូវ?
ការលាងដៃដោយគ្រាន់តែដុស និងលាងទឹកសម្អាតមួយភ្លែតមិនអាចកម្ចាត់មេរោគបានមានប្រសិទ្ធិភាពល្អនោះទេ។ចំណុចជាជំហាននៃការលាងដៃគួរជា៖
លាងដៃនឹងទឹកឱ្យសព្វប្រអប់ដៃដើម្បីដុសនឹងសាប៊ូ
ដុសនឹងសាប៊ូឱ្យបានសព្វប្រអប់ដៃ
ដុសសម្អាតដៃដែលមានសាប៊ូឱ្យសព្វ ដែលមានកន្លែងសំខាន់ដូចខ្នងដៃ ចន្លោះម្រាមដៃ និងក្រោមក្រចកអ្នក(បើមាន) យ៉ាងតិចណាស់២០វិនាទី
រួចលាងសម្អាតនឹងទឹក (ទឹកចេញពីក្បាលរ៉ូប៊ីណេកាន់តែប្រសើរ)
ជូតសម្អាតដៃនឹងក្រណាត់ស្ងួតស្អាត។
២.តើគួរលាងរយៈពេលប៉ុណ្ណាទើបល្អ?
ដូចបានលើកឡើងខាងលើយ៉ាងហោចណាស់គឺ២០ទៅ៣០វិនាទី។ វិធីងាយស្រួលនិងជាការច្នៃប្រឌិតមួយនោះគឺអ្នកអាចច្រៀងចម្រៀងមួយបទដែលមានរយៈពេលដូចខាងលើនេះពេលលាងដៃ។ ការនេះក៏អនុវត្តនឹងការសម្អាតដៃនឹងទឹកអាល់កុលផងដែរដែលយ៉ាងហោចត្រូវដុសសព្វប្រអប់ដៃ២០វិនាទីនឹងទឹកអាល់កុលសម្អាតដៃហើយទឹកអាល់កុលសម្អាតដៃគួរមានជាតិអាល់កុលហោចណាស់៦០% ដើម្បីសម្លាប់មេរោគបានល្អ។
៣.ពេលណាខ្លះដែលខ្ញុំគួរលាងសម្អាតដៃ?
ក្នុងបរិបទកូវីដ-១៩យើងគួរគប្បីលាងដៃតាមពេលដូចជា៖
បន្ទាប់ពីយើងកណ្តាស់ ឬក្អក
ក្រោយពេលយើងបានទៅទីកន្លែងសាធារណៈ រួមមានមធ្យោបាយដឹកជញ្ជូនសាធារណៈ ទីផ្សារ ឬទីកន្លែងសាធារណៈឯទៀត
បន្ទាប់ពីប៉ះពាល់លុយជាក្រដាសប្រាក់ផងដែរ ព្រោះក្រដាសប្រាក់ជាប្រភពនៃមេរោគដែលយើងគួរលាងសម្អាតដៃឱ្យស្អាត
មុន និងក្រោយពេលថែទាំអ្នកជំងឺ
មុន និងក្រោយពេលញ៉ាំអាហារ។
ហើយក៏អនុវត្តទៅតាមទម្លាប់ដូចពេលធម្មតាទូទៅដែរដែលមាន៖
លាងដៃក្រោយពេលចេញពីបន្ទប់ទឹក
មុន និងក្រោយញ៉ាំអាហារ
ក្រោយពេលកាន់ និងបោះចោលសំរាម
ក្រោយពេលប៉ះពាល់សត្វចិញ្ចឹម ឬសត្វផ្សេងទៀត
ក្រោយពេលប្តូរខោ កន្ទបក្មេងៗ
នៅពេលដៃយើងកង្វក់ ឬប៉ះពាល់វត្ថុផ្សេងៗ៕