ស្ថិតនៅតាមបណ្តោយផ្លូវធំៗ ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតាមស្តុបមួយចំនួនគេតែងសង្កេតឃើញមាន មនុស្សចាស់អង្គុយសុំទាន ឬលក់នំចំណី ផ្លែឈើមួយចំនួន ដើម្បីចិញ្ចឹមជីវិតចុងក្រោយរបស់ខ្លួន។​

ភាគច្រើនមនុស្សចាស់ទាំងនោះ គឺមកពីតាមបណ្តាខេត្តផ្សេងៗ ពួកគាត់មកទីនេះ គឺដើម្បីរកប្រាក់កម្រៃសម្រាប់ចិញ្ចឹមខ្លួនផង មើលជំងឺផង ហើយម្យ៉ាងទៀត គឺដើម្បីរកលុយខ្លះសម្រាប់យកទៅធ្វើបុណ្យដោយសារតែ មិនមានកូនផ្តល់ឲ្យ ឬផ្តល់ឲ្យមិនគ្រប់គ្រាន់ ហើយជួនពេលខ្លះ គឺពួកលោកត្រូវរកប្រាក់ដើម្បីទ្រទ្រង់គ្រួសារទាំងមូលផងដែរ។ ហេតុនេះហើយទើបពួកគាត់ដាច់ចិត្ត មកទីក្រុងភ្នំពេញលក់ដូរបើទោះបីជាមានអាយុច្រើន ពិបាកធ្វើដំណើរឡើងចុះក៏ដោយ។

មានវ័យជាង៧៥ឆ្នាំ និងមានស្រុកកំណើតមកពី ខេត្តកំពង់ស្ពឺ ដូនចាស់ម្នាក់ឈ្មោះ រី កំពុងអង្គុយលក់ផ្លែល្ហុងដែលដាំបានតិចតួច​ នៅតាមបណ្តោយស្តុបផ្លូវមុន្នីវង្ស។ ដូនចាស់អង្គុយបោយដៃហៅអ្នកដំណើរដែលឈប់ស្តុបអោយមកជួយទិញផ្លែល្ហុងរបស់ខ្លួន ដែលដាំបានដោយធម្មជាតិ ក្នុងនោះមានអ្នកធ្វើដំណើរខ្លះក៏ឈប់ទិញអ្នកខ្លះទៀតក៏មិនអើពើរជាមួយនឹងការហៅរបស់លោកយាយឡើយ។

ជាក់ស្តែងដូនចាស់មានចៅ២នាក់និងកូនស្រីម្នាក់ទៀត ដែលត្រូវចិញ្ចឹម​ ហើយចៅសុទ្ធតែនៅតូចៗរីឯកូនស្រីគឺខ្វិនដើរមិនរួចឡើយ ឯប្តីរបស់កូនស្រីបានរត់ចោលបាត់៧ឆ្នាំហើយ។ ដូចនេះមានតែដូនចាស់ដែលជាអ្នករកដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ 

និយាយទាំងសំឡេងខ្សោយៗដូនចាស់ប្រាប់ថា៖«យាយអត់ហើយបានមកដើរលក់ចឹង ហើយនៅស្រុកលក់មិនបានថ្លៃ ព្រោះមានគេដាំដែរចឹងមកលក់នៅទីនេះទាំងឈឺទាំងជាទៅ»។

ដូនចាស់មកទីក្រុងភ្នំពេញដោយជិះឡានឈ្នួលទៅមក ហើយត្រូវចំណាយ១ម៉ឺនប្រាំពាន់ ដើម្បីទៅដល់ផ្ទះនិងមកទីនេះ។  ដូនចាស់ត្រូវធ្វើដំណើរឡើងចុះ ទាំងដែលពេលខ្លះក៏មានការឈឺចាប់ខ្លួនប្រាណដែលជាជម្ងឺមនុស្សចាស់ ។ តែយ៉ាងណាក៏នៅតែទ្រាំ មិនបោះបង់ចោលខ្លួន​ឯងក៏ដូចជាចៅៗឡើយ ដូនចាស់ប្រាប់ថា៖«យាយមិនដឹងទៅរកអីកើតទេ បើមិនមកលក់នៅទីនេះ ហើយបើនឹកឃើញដល់ចៅៗ ក៏ចេះមានកម្លាំងចិត្តធ្វើទៀតទៅ។មិនចង់អោយចៅៗអត់ស្លាប់ទេ ចឹងមានតែខំប្រឹងទៅ ព្រោះមិនចង់ដើរសុំទានគេឡើយយាយចេះតែខំកម្លាំងខ្លួនឯងទៅ»។

មានល្ហុងប្រមាណ២០ទៅ​ ៣០​ផ្លែ នៅក្នុងកញ្ច្រែង ដូនចាស់លក់ល្ហុងក្នុងមួយផ្លែ ចាប់ពី២ពាន់រៀលទៅ៣ពាន់រៀល ដោយអាស្រ័យទៅលើ ទំហំនៃផ្លែល្ហុង។ ដូនចាស់លើកឡើងថា៖ «មកលក់នៅទីនេះគឺបានថ្លៃជាងនៅស្រុក ព្រោះនៅស្រុក មានគេដាំដែរ ចឹងគេមិនសូវទិញហើយបើមានទិញក៏អោយថោកដែរ»។ ដូនចាស់បានបន្តថា យាយដើរលក់ចល័ត ដោយជួនកាលទៅលក់ នៅម្តុំផ្សារដើមគរផ្សារអូរឬស្សី ឬផ្សារតូចៗ និង តាមស្តុបជាដើម។

និយាយបណ្តើរយកដៃរៀបផ្លែល្ហុងបណ្តើរថា៖«រកសព្វថ្ងៃ គឺដើម្បីចិញ្ចឹមចៅៗនិងកូនទេ ពេលមកលក់ទៅគ្រាន់បាន ទិញអង្ករនិងម្ហូបហូបរាល់ថ្ងៃគឺមិនមានសល់អីទេ និងពេលខ្លះយាយឈឺ ហើយគ្មាលុយទិញថ្នាំលេបផង»។

ជាចុងក្រោយដូនចាស់ក៏បានបញ្ជាក់ថា៖«យាយឡើងមកលក់ល្ហុងនេះ លែងរួចពេលណាពេលហ្នឹងចុះ គឺមិនដឹងធ្វើម៉េចទេ បើឥលូវកាន់តែចាស់ កម្លាំងកាន់តែខ្សោយទៀត»។ 

ជាការកត់សម្គាល់បន្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាគេមិនសូវឃើញមានអង្គការច្រើនទេដែលធ្វើការពាក់ព័ន្ធនឹងការជួយមនុស្សចាស់ដូចនេះហើយមនុស្សចាស់ភាគច្រើនគឺត្រូវរស់នៅដោយភាពលំបាក ខ្វះមុខខ្វះក្រោយមិនមានអាហារូបត្ថមនិងថ្នាំព្យាបាលជម្ងឺគ្រប់គ្រាន់ឡើយ ។

បើយោងតាម«អង្គការមនុស្សចាស់កម្ពុជាឬ ហៅថា (HelpAge Cambodia)  »ដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបងនិងបន្ទាយមានជ័យមនុស្សចាស់មានអាយុចាប់ពី៦០ឆ្នាំមានប្រហាក់ប្រហែល៨%ហើយពួកគាត់ភាគច្រើនមានការលំបាក​ធ្វើចលនានិងងាយទទួល​ជម្ងឺមិនឆ្លងដូចជាជម្ងឺលើសឈាម​  ​ជម្ងឺមហារីក ជម្ងឺសម្លាក់ឆ្អឹង​ និងជម្ងឺទឹកនោមផ្អែម និង ជម្ងឺដទៃទៀត។ មនុស្សចាស់ជាញឹកញាប់​បានចំណាយពេលវេលានៃជីវិតចុងក្រោយរបស់លោកដោយធ្វើជាអ្នកមើលថែចៅដែលឪពុកម្តាយ​របស់ពួកគេចំណាកស្រុកស្វែងរកការងារធ្វើប៉ុន្តែបើមនុស្សចាស់ដែលពុំមានទីពឹងគឺត្រូវចិញ្ចឹមជីវិតខ្លួន​ឯងដោយដើរសុំទានគេតាមផ្លូវឬរកស៊ីតាមលទ្ធភាពដែលខ្លួនអាចធ្វើបានដូចជាដើរថ្លឹងគីឡូ លក់នំចំណីផ្លែឈើតិចតួចជាដើម។

លោកនួន ចន្ថាដែលជាមន្រ្តីផ្នែកពត៌មាននិងស្វែងរកការតស៊ូមតិនៃអង្គការមនុស្សចាស់នៅកម្ពុជាបានឲ្យដឹងថា៖​មនុស្សចាស់ភាគច្រើនមានជីវភាពលំបាកវេទនាជាពិសេសមនុស្សចាស់ដែលនៅតាមខេត្តព្រោះតែកូនៗរបស់ពួកគាត់ជួលកាលមិនបានចិញ្ចឹមឬត្រូវធ្វើចំណាកស្រុកទៅរកការងារធ្វើជាដើម។ហើយមនុស្សតែងតែមានភាពឯកការ ដោយរស់នៅតែម្នាក់​ឯងនៅពេលចាស់ទៅ។

ជាការឆ្លើយតបទៅនឹងបញ្ហារបស់មនុស្សចាស់ដែលកើតមានលោកបានពោលប្រាប់ថា​អង្គការរបស់លោកជាអង្គការមិនមែនរដ្ឋាភិបាលដែលបានទទួលបានជំនួយឧបត្ថមពីសហភាពអឺរ៉ុបនិង កូរ៉េ ព្រមទាំងបានសហការណ៏ជាមួយក្រសួង​និងមន្ទីរពាក់ព័ន្ធមួយចំនួនដូចជា​ក្រសួងសង្គមកិច្ចយុទ្ធជន​ និងយុវនីតិសម្បទាក្រសួងសុខាភិបាល​ ក្រសួងកិច្ចការនារី​ក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងក៏ដូចជាអង្គការផ្សេងៗទៀត​ ដែលបានជួយបង្ហាត់បង្រៀនឲ្យមនុស្សមានចាស់មានជំនាញខ្លះៗ សម្រាប់ចិញ្ចឹមជីវិត ឬផ្តល់វគ្គបណ្តុះបណ្តាលឲ្យពួកគាត់យល់ដឹងអំពីការថែទាំសុខភាពជាដើម។ មនុស្សចាស់គឺជាម្តាយឬឪពុករបស់យើងគ្រប់គ្នាពួកគាត់បានចំណាយស្ទើរតែពាក់កណ្តាលជីវិតដើម្បីមើលថែនិងចិញ្ចឹមពួកយើងដូចនេះនៅពេលពួកគាត់ចាស់ទៅ យើងគួរតែមើលថែពួកលោកវិញដោយឲ្យពួកគាត់រស់នៅបានសមរម្យនិងមានសេចក្តីសុខសម្រាប់ជីវិតចុងក្រោយរបស់ពួកលោក។ 

លោកចន្ថាស្នើរឲ្យក្រសួងពាក់ព័ន្ធទាំងអស់មេត្តាងាកមកនិងបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហាមនុស្សចាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕

អត្ថបទដោយ ចាន់ ជីវ៉ា