រាជធានីភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែល មានទឹកប្រាក់សរុបចំនួន ៤.៥០១លានយ៉េន (ប្រមាណ ៤១,៤ លានដុល្លារអាមេរិក) ដែលពិធីចុះហត្ថលេខាលើលិខិតប្ដូរសារនេះធ្វើនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២០។
សម្រាប់អនុវត្តគម្រោងចំនួនបីដូចខាងក្រោម៖
• អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លានយ៉េន (ប្រមាណ ៣,២ លាន ដុល្លារអាមេរិក)
• ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២.១៥៣លានយ៉េន (ប្រមាណ ១៩,៨ លានដុល្លារអាមេរិក) និង
• កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការការពារនិងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៨,៤០លានដុល្លារអាមេរិក)។
ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕