នៅថ្ងៃ១០សីហា២០២១នេះ កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១ ដល់ប្រជាជនដែលមានវ័យចាប់ពី ១៨ឆ្នាំ បានចំនួន៨លាននាក់រួចហើយ ដោយមិនទាន់គិតពីកុមារនិងយុវវ័យដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។

ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយពីយើងនោះទេ ដែលធ្វើឱ្យយើងសម្រេចការងារមុនការកំណត់៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង។

លេខរៀងទី៨លានគឺបានទៅលើឈ្មោះ​ ថឹង ថា​ អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ 

ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីទី៨លាន ដែលបានចាក់វ៉ាក់សាំង Johnson & ​Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។

គិតត្រឹមថ្ងៃ១០សីហា កម្ពុជាសម្រេចការចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានវ័យចាប់ពី១២ឆ្នាំឡើង បានចំនួនសរុប ៨លាន៤សែននាក់ ក្នុងនោអ្នកបានចាក់ដូសទី៣ បានចំនួនជាង ៦ម៉ឺននាក់រួចទៅហើយ៕