វីរុសCOVID-19 បានផ្ទុះឡើងតាំងពីចុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះ គឺពុំទាន់ថមថយនៅឡើយ ពោលគឺចំនួនករណីឆ្លងវីរុស និងមនុស្សស្លាប់នៅតែកើតឡើង។ ជាមួយគ្នា ទម្លាប់ឬសកម្មភាពរស់នៅប្រចាំថ្ងៃធម្មតា មួយចំនួនក៏ត្រូវបានរងឥទ្ធិពលពីការរាតត្បាតនៃវីរុសផ្លូវដង្ហើមមួយនេះផងដែរ។
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃតែយ៉ាងណាមិញ សកម្មភាពជាចំណុចវិជ្ជមានមួយចំនួន ជាទម្លាប់ថ្មីតែត្រូវបានមនុស្សភាគច្រើនប្រកាន់ភ្ជាប់ ដើម្បីបន្ស៊ាំខ្លួនក្នុងស្ថានភាពនៃវិបត្តិវីរុសខាងលើនេះក្នុងទិសដៅថែរក្សាសុវត្ថិភាព និងការពារទាំងសុខភាពរាងកាយនិងផ្លូវចិត្ត ហើយចំនួនទាំងនោះត្រូវបានចែករំលែកដូចខាងក្រោម៖
១.ផ្តោតលើពេលបច្ចុប្បន្ន
មុនពេលការរាតត្បាតមកដល់សកម្មភាពមួយចំនួនដូចជាការជួបជុំគ្នា ការធ្វើលំហាត់ប្រាណនៅក្រៅផ្ទះការងារស្ម័គ្រចិត្តសង្គម គឺមានសកម្មភាពរស់រវើកប៉ុន្តែពេលបច្ចុប្បន្ននេះ សកម្មភាពទាំងនោះត្រូវបានប្តូរ ឬកែតម្រូវខ្លះដើម្បីចូលរួមជាវិធានការការពារពីការឆ្លងមេរោគ COVID-19។ ដូចនេះការផ្តោតលើសកម្មភាពបច្ចុប្បន្នតាមទម្រង់ថ្មីគឺជារឿងសំខាន់មួយ ដែលមនុស្សជាច្រើន ចាប់ផ្តើមទម្លាប់ធ្វើដែលមានដូចជា ការរៀនតាមអនឡាញ ការមើលថែសុខភាពខ្លួនឯងការយកអារម្មណ៍ផ្តោតយកចិត្តទុកដាក់ទៅលើរឿងបច្ចុប្បន្ន ដោយពុំចំណាយពេលគិតច្រើនពេកទៅលើអនាគត ហើយជាពិសេសការធ្វើលំហាត់ប្រាណនៅផ្ទះជាដើម។
២. ស្វែងរកការគាំទ្រសុខភាពផ្លូវចិត្ត
មេរោគ COVID-19 ក៏បានផ្លាស់ប្តូរទម្លាប់មនុស្សជាច្រើនឱ្យចាប់ផ្តើមចំណាយពេលខ្លះនៅក្បែរសមាជិកគ្រួសារ តាមរយៈការធ្វើការឬចំណាយពេលច្រើនស្នាក់នៅឯផ្ទះ។ ជាមួយទម្លាប់ថ្មីនេះសកម្មភាពក្នុងផ្ទះក៏មានច្រើន ដែលជួយពង្រឹងស្មារតីសមាជិកគ្រួសាររួមគ្នាឆ្លងកាត់ស្ថានភាពលំបាកខ្លះៗទាំងអស់គ្នា។ ហើយជាឧទាហរណ៍មួយនៅក្នុងគ្រួសារប្រទេសអូស្រ្តាលី ភាគច្រើនសមាជិកគ្រួសារនីមួយៗជួយលើកទឹកចិត្តគ្នាទៅវិញទៅមកព្រមទាំងផ្តោតលើសកម្មភាពតូចៗ ដើម្បីបំបាត់ភាពខ្វាយខ្វល់ដូចជាការចម្អិនអាហារ ការសមាធិ ហាត់យូហ្គា ឬការអានសៀវភៅជាដើម។
៣.ចំណាយពេលអភវិឌ្ឍខ្លួន
ជាការឆ្លើយតបនឹងស្ថានភាពរីករាតត្បាតពីCOVID-19 មិនទាន់ស្រាកស្រាន្តអំឡុងពេលនេះ យុវជនភាគច្រើន ក៏ចាប់យកពេលវេលានោះទៅអភិវឌ្ឍសមត្ថភាពខ្លួនផងដែរ ហើយពិសេសសកម្មភាព ឬជំនាញទាំងនោះដែលត្រូវការភាពព្យាយាម និងអត់ធ្មត់ទៀតផងដូចជាការលេងឧបករណ៍តន្ត្រីកម្សាន្ត ការបង្កើតវត្ថុប្រើប្រាស់តាមបែបច្នៃប្រឌិតផ្សេងៗឬការហាត់ប្រាណ សមាធិផងដែរ។
៤.ការកម្រិតពេលខ្លះលើបណ្តាញសង្គម
តាមការផ្សាយរបស់គេហទំព័រព័ត៌មានអូស្រ្តាលីABC អំឡុងពេលផ្ទុះការរាតត្បាតនៃវីរុសផ្លូវដង្ហើមCOVID-19 មានព័ត៌មានច្រើនទាក់ទងនឹងបញ្ហានេះដែលធ្វើឱ្យប្រជាជនជាច្រើនព្រួយបារម្ភខ្លាំងពិសេសការចែកចាយព័ត៌មានលើបណ្តាញសង្គម យ៉ាងណាមិញប្រជាពលរដ្ឋជាច្រើនក៏អនុវត្តការកម្រិតពេលទៅលើបណ្តាញសង្គមនិងជ្រើសរើសយកការតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់ដើម្បីកាត់បន្ថយបញ្ហាព្រួយបារម្ភទាំងនោះ៕