បេនយ៉ាមីន ហ្វ្រេងគ្លីន(Benjamin Franklin) គឺជាតួអង្គដ៏សំខាន់ក្នុងប្រវត្តិសាស្រ្តអាមេរិក ក្នុងតួនាទីបដិវត្តន៍និងការពិសោធអគ្គិសនីជាអ្នកប្រាជ្ញវិទ្យាសាស្រ្ត ជាអ្នកនិពន្ធ ជានិពន្ធនាយក ជាអ្នកដឹកនាំ និងជាអ្នកនយោបាយផង។លោកក៏ជាសហស្ថាបនិកនៃសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញអាមេរិកផងដែរ។
សម្រង់សម្តីបេនយ៉ាមីន ហ្វ្រេងគ្លីន បាននិយាយថា"ប្រសិនបើចង់ឱ្យគេនៅចងចាំអ្នក ទោះជាអ្នកស្លាប់បាត់បង់ជីវិតទៅហើយក្តីចូរសរសេរស្នាដៃនិពន្ធដែលប្រកបដោយតម្លៃគួរអាន ឬធ្វើអំពើប្រកបដោយតម្លៃគួរនឹងគេសរសេរអំពីស្នាដៃរបស់អ្នក"។ សម្តីរបស់អ្នកប្រាជ្ញរូបវិទ្យារូបនេះ ច្រើនមានតម្លៃអ្នកជំនាន់ក្រោយត្រិះរិះពិចារណាជាពិសេសគុណធម៌១៣យ៉ាងខាងក្រោម ដែលលោកបានលើកឡើងហើយលោកក៏បានប្រកាន់គុណធម៌ទាំង១៣នេះយ៉ាងខ្ជាប់ខ្ជួនផងដែរ ហើយអ្នកអាចពិចារណារៀនសូត្រពីគំរូវីរៈភាពរបស់លោកផងដែរ ដែលមានដូចជា៖
១.ការចេះប្រមាណ៖ បរិភោគត្រឹមល្មមផឹកក៏ត្រឹមល្មម។
២.ស្ងាត់ស្ងៀម៖ និយាយតែពាក្យមានប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ។ ជៀសវាងនិយាយបញ្ជោរ។
៣.សណ្តាប់ធ្នាប់៖ ទុកដាក់របស់គ្រប់យ៉ាងឱ្យមានរបៀប។របស់របរត្រូវតែមានកន្លែងសម្រាប់ទុកដាក់។
៤.ការសម្រេចចិត្ត៖ ជ្រើសរើសធ្វើកិច្ចការដ៏ត្រឹមត្រូវរួចបំពេញការងាររហូតចប់ចុងចប់ដើម។
៥.សន្សំសំចៃ៖ កុំខ្ជះខ្ជាយប្រាក់។ការចាយប្រាក់សម្រាប់ធ្វើអំពើល្អជាមួយអ្នកដទៃនិងខ្លួនឯងមិនចាត់ទុកថាខ្ជះខ្ជាយទេ។
៦.ឧស្សាហ៍៖ កុំខ្ជះខ្ជាយពេលវេលា។ជានិច្ចកាលត្រូវធ្វើកិច្ចការអ្វីមួយដែលមានប្រយោជន៍។
៧.សេចក្តីស្មោះត្រង់៖ កុំកេងប្រវ័ញ្ច។ទៀងត្រង់ទាំងគំនិតនិងសម្តី។
៨.យុត្តិធម៌៖ កុំបង្កភាពអយុត្តិធម៌ដល់អ្នកដទៃ។
៩.សមរម្យ៖ កុំជ្រុលនិយម។
១០.ស្អាតជានិច្ច៖ សម្អាតរាងកាយ សម្លៀកបំពាក់និងរស់នៅស្អាត។
១១.រក្សាភាពស្ងប់ស្ងាត់៖ កុំលេងសើច កុំភ្ញាក់ផ្អើលជាមួយរឿងទូទៅឬរឿងដែលជៀសមិនផុត។
១២.បរិសុទ្ធភាព៖ រួមភេទ ដោយកម្រលើកលែងតែដើម្បីសុខភាពឬដើម្បីបន្តពូជពង្ស។
១៣៖ការដាក់ខ្លួន៖ ប្រតិបត្តិតាមសូក្រាត (ទស្សនវិទូក្រិច)៕
ប្រភព៖ចំណេះដឹងទូទៅ នីតិពុទ្ធិនីតិសរព័ន