ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ​១៩ នៅ​តែ​បន្ត​យាយី​​​ពិភព​លោក​មិន​ទាន់​ថម​ថយ​ចុះ​នៅ​ឡើយ។ ជា​មួយ​គ្នា​នេះការ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ គឺ​ជា​ទម្លាប់​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ពិភព​លោក​ទូទៅតែ​​ជា​ចំណែក​សំខាន់​មិន​អាច​ខ្វះ​បាន​​ ដើម្បី​​កាត់​បន្ថយ​ឥទ្ធិពល​ជំងឺ​​រាត​ត្បាត​នេះ។ តាម​រយៈ​អង្គការ​សុខភាព​ពិភព​លោកក៏​ចេញ​ជា​គន្លឹះ​ខ្លះ​ៗ ដែល​ជា​ប្រយោជន៍​ជួយ​រក្សា​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​អំឡុងពេល​អនុវត្ត​ទម្លាប់​ថ្មីពិសេស​ក្នុង​​វិបត្តិ​ជា​សកល​នេះ។

.តាម​ដាន​ព័ត៌មាន​ថ្មី​ៗ

តាម​ដាន​ព័ត៌មាន​ថ្មីជា​ដំបូន្មាន និង​អនុសាសន៍​ពី​ក្រសួង​សុខាភិបាលនិង​អាជ្ញាធរ​មូល​ដ្ឋាន​​។ រក​ប្រភព​ព័ត៌មាន​ណា​ដែល​អាច​​ជឿ​ទុក​ចិត្ត​បានដូច​ជា​ទំព័រ​ផ្លូវ​ការ​​នៃ​ស្ថាប័ន​ជាតិទូរទស្សន៍ ឬ​វិទ្យុ​ជាតិនិង​តាម​ដាន​​ព័ត៌មាន​ថ្មី​ៗពី​អង្គការ​សុខភាព​ពិភព​លោក​ជា​ដើម​។

.បង្កើត​ទម្លាប់​​ថ្មី​ល្អ​ៗ​

រក្សា​សកម្មភាព​ជា​ទម្លាប់​ល្អ​ឬ​បង្កើត​ចេញ​ជា​ទម្លាប់​ថ្មី​ល្អ​ដូច​ជា​៖

  • ចូល​គេង និង​ក្រោក​មាន​ពេល​វេលា​ទៀង​ទាត់​

  • រក្សា​អនាម័យ​​​ខ្លួន​ប្រាណ​

  • ញ៉ាំ​អាហារ​សុខភាព និង​ទៀង​ទាត់​ពេល​វេលា

  • ធ្វើ​លំហាត់​ប្រាណ

  • បែង​ចែក​ពេល​ធ្វើការ និង​មាន​ពេល​សម្រាក​គ្រប់​គ្រាន់

  • មាន​ពេល​សម្រាប់​ធ្វើ​រឿង​ដែល​អ្នក​ចូល​ចិត្ត​

.កាត់​បន្ថយ​​ព័ត៌មាន​​​​មិន​ល្អ

ព័ត៌មាន​មិន​ល្អសម្តៅ​លើ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​អ្នក​អាន ឬ​ស្តាប់​មាន​អារម្មណ៍​​​ស្ត្រេស​តាន​តឹង ឬ​ភ័យ​ខ្លាច​។ស្វែង​រក​ព័ត៌មាន​ដែល​​ជា​ប្រយោជន៍​​ក្នុង​ការ​​រក្សា​ការពារ​សុខភាព​អ្នក ពិសេស​ព័ត៌មាន​ថ្មី​ៗ​ចុង​ក្រោយ​។

Image

.ការ​សម្លឹង​មើល​​អេក្រង់​រយៈ​ពេល​យូរក៏​គួរ​កាត់​បន្ថយ

​រៀង​រាល់​ថ្ងៃការ​ចំណាយ​ពេល​យូរ​ម៉ោង​ទៅ​លើ​អេក្រង់​គ្រឿង​អេឡិច​ត្រូនិច ក៏​គួរ​មាន​វិធី​សាស្រ្ត​ដើម្បី​សម្រាក​​ភ្នែក​ខ្លះ ព្រោះ​ការ​សម្លឹង​​មើល​យូរ​ម៉ោងក៏​មាន​ឥទ្ធិពល​លើ​សុខភាព ​និង​អារម្មណ៍​របស់​​យើង​ផង​ដែរ។​

.ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​បាន​ត្រឹម​ត្រូវ

ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​អ្នក​ជា​ប្រយោជន៍​ដូច​ជា ​ការ​ចែក​រំលែក​គន្លឹះ​ណែ​នាំ ការ​លើក​ទឹក​ចិត្ត ឬ​​រឿង​រ៉ាវ​ជោគ​ជ័​យ​ណា​មួយ ជា​ចំណុច​វិជ្ជមាន​ជា​ជាង​ព័ត៌មាន​បំភ័យ ​ឬ​​ព័ត៌មាន​ធ្វើ​ឱ្យ​អារម្មណ៍​តាន​តឹង​។

.ចូល​រួម​ចំណែក​លើក​ទឹក​ចិត្ត​​បុគ្គលិក​សុខភិបាល

អ្នក​ក៏​ជា​អ្នក​ចូល​រួម​ចំណែក​សំខាន់​ជួយ​លើក​ទឹក​ចិត្ត​ដល់​បុគ្គល ឬ​អ្នក​ធ្វើ​ការ​ក្នុង​ផ្នែក​សុខាភិបាល​​​​ទាំង​អស់​​បាន​ដែរ តាម​រយៈ​​សារ​នៅ​លើ​អន​ឡាញ។ ចូល​រួម​លើក​ទឹក​ចិត្ត​ពួក​គេក្នុង​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩សម្រាប់​មនុស្ស​ទាំង​អស់​គ្នា៕