សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ពេលខ្លះការរស់នៅជាមួយដំណើរកម្សាន្តនឹងនាំមកឱ្យអ្នកវិញនូវអារម្មណ៍ស្រស់ស្រាយទៅតាមទីបរិស្ថានល្អៗដែលនៅជុំវិញខ្លួនអ្នក។ បើពេលខ្លះ យើងមានថវិកាមានកម្រិត ក៏ប៉ុន្តែយើងក៏អាចនៅច្នៃជាវិធីខ្លះៗដើម្បីសម្រួលដល់ការចំណាយ។ ចំណុចខាងក្រោមនេះជាបទពិសោធខ្លះៗដែលយើងអាចពិចារណាសម្រាប់ដំណើរកម្សាន្តមានខ្ទង់ថវិការបស់យើង៖
១.ដើរមែនតែមានផែនការច្បាស់លាស់
ប្រាកដណាស់បើយើងមានគំនិតថាតើត្រូវដើរកម្សាន្តដោយចាយពេលប៉ុន្មានថ្ងៃ និងគោលដៅត្រូវទៅចំកន្លែងណាខ្លះមិនថាទីកន្លែងកម្សាន្តបែបធម្មជាតិ ឬទៅលេងនៅក្រុង តាមតំបន់ក៏គួរមានផែនការសកម្មភាពថាត្រូវធ្វើអ្វីខ្លះដូចនេះអ្នកអាចស្មានពីខ្ទង់ចំណាយក្នុងកម្រិតមួយដែលអាចនៅក្រោមលុយដែលមានពិសេសកន្លែងសម្រាក និងការហូបចុកនិងមិនលើសពីលុយដែលត្រៀមបង្ការពេលមានបញ្ហាផ្សេងៗ។
២.បើអាចដើរខុសរដូវកាលថ្ងៃឈប់សម្រាក
មែនហើយដំណើរកម្សាន្តចំថ្ងៃបុណ្យឈប់សម្រាកអ្វីៗប្រាកដជាឡើងថ្លៃខ្លះ ដោយសារតម្រូវការច្រើនដូចនេះយើងក៏នៅតែអាចមានជម្រើសអាចឆ្លៀតធ្វើដំណើរកម្សាន្តទៅទីដៅដែលបានប៉ងទុកដោយរើសនៅមុនថ្ងៃ ឬក្រោយថ្ងៃបុណ្យសម្រាក។ បែបនេះ គឺសម្រួលដល់យើងនៅក្នុងថវិកាមួយមានកម្រិតម្យ៉ាងសេវាទេសចរណ៍នៅថ្ងៃក្រៅពីបុណ្យសម្រាកគឺតែងបញ្ចុះតម្លៃសម្រាប់ទាក់ទាញអ្នកដែលដើរកម្សាន្តខុសរដូវនេះផងដែរ។
៣.កន្លែងស្នាក់នៅបែបឆ្លាតវៃ
ជាការសន្សំសំចៃដែលអ្នកអាចស្នើសុំជំនួយពីមិត្តភក្តិបងប្អូន ឬអ្នកស្គាល់គ្នាក្នុងពេលណាមួយដែលថវិកាដើរមានកម្រិត។ ជាឧទាហរណ៍ បើអ្នកស្គាល់មិត្តភក្តិ ឬជាបងប្អូនដែលពួកគាត់នៅក្បែរកន្លែងទីដើរកម្សាន្តយូរៗម្តងយើងក៏អាចរំខានគាត់ខ្លះសម្រាប់ការស្នាក់នៅ និងជូនយើងដើរកម្សាន្តទៅទីកម្សាន្តក្បែរៗនោះព្រោះថាពួកគេរស់នៅតំបន់នោះស្រាប់។
៤.រៀបចំអីវ៉ាន់ដំណើរកម្សាន្តឱ្យម៉ត់ចត់បន្តិច
ត្រូវប្រាកដថាអ្នកបានរៀបចំអីវ៉ាន់សម្រាប់ដំណើរកម្សាន្តអ្នកបានគ្រប់គ្រាន់នូវអ្វីដែលត្រូវការចៀសវាងការត្រូវចូលហាងតាមផ្លូវ និងចំណាយលុយទិញរបស់ប្រើទាំងនោះ។ របស់របរសមល្មមប្រើគ្រប់គ្រាន់នឹងកាត់បន្ថយខ្ទង់ចំណាយអ្នកបានមួយភាគធំ។
៥.មធ្យោបាយធ្វើដំណើរ និងការហូបចុក
ចំណុចសំខាន់ពីរនេះគឺមានន័យថាវាតម្រូវឱ្យយើងចេះលៃលកជ្រើសយកមធ្យោបាយដឹកជញ្ជូនឬធ្វើដំណើរណាដែលចំណាយតិចដល់ថវិកាដែលយើងមានសម្រាប់ដើរលេង។ ម្យ៉ាងទៀត ពេលដើរលេងអ្នកក៏នៅតែមានសិទ្ធិជ្រើសរើសទៅទិញអាហារហូបចុកនៅទីតាំងសមរម្យទៅតាមខ្ទង់ថវិការបស់យើងដោយការជ្រើសរើសកន្លែងលក់អាហារសមរម្យនិងតម្លៃទទួលយកបាន ឬមួយបានខ្ចប់ត្រៀមនំចំណីពីផ្ទះមកសម្រាប់ដើរកម្សាន្តក៏ជាហេតុដែលយើងនៅតែអាចរីករាយនឹងដំណើរកម្សាន្តក្នុងរបៀបចំណាយតិចតួចនេះបាន៕