ប្រទេសថៃ៖ ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃ២៦ វិច្ឆិកា បានអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព (SHDS 2021) ដែលជាការរំពឹងទុកយ៉ាងខ្ពស់ សម្រាប់អាងទន្លេមេគង្គខាងក្រោម ដែលជាចំណុចសំខាន់មួយ នៃយុទ្ធសាស្ត្រចាស់នៃការអភិវឌ្ឍន៍អាងទន្លេ និងផែនការយុទ្ធសាស្រ្ត MRC ឆ្នាំ 2016-2020 ដើម្បីដោះស្រាយបញ្ហា និរន្តរភាពនៃការអភិវឌ្ឍន៍វារីអគ្គីសនីនាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងធនធានទឹក បរិស្ថានមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បានផ្តល់ឯកភាពចំពោះយុទ្ធសាស្ត្រ និងវិធាន និងនីតិវិធីរបស់ MRC ក្នុងកិច្ចប្រជុំលើកទី ២៨ ដែលរៀបចំដោយ រាជរដ្ឋាភិបាលថៃនៅទីក្រុងបាងកក ក្នុងលក្ខណៈនិម្មិត ជាមួយប្រទេសដទៃទៀត។
អត្ថាធិប្បាយលើការអនុម័តនៃយុទ្ធសាស្ត្រនេះ ឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីថៃ និងជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ 2021 បាននិយាយថា យុទ្ធសាស្ត្រ SHDS ដែលត្រូវបានធ្វើបច្ចុប្បន្នភាព គឺជាផ្នែកមួយដែលសង្កត់ធ្ងន់លើតម្រូវការដើម្បីជំរុញការអភិវឌ្ឍន៍អាង ឆ្ពោះទៅរកលទ្ធផលដែលអាចដោះស្រាយរយៈពេលវែង។
"យុទ្ធសាស្ត្រនេះតំណាងឱ្យការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរអាង ឆ្ពោះទៅរកលទ្ធផលដ៏ល្អប្រសើរ សុវត្ថិភាព និងការទទួលខុសត្រូវ ដែលដោះស្រាយភាពអាស្រ័យគ្នាទៅវិញទៅមក រវាងការការពារបរិស្ថាន ទឹក អាហារ និងការផលិតវារីអគ្គិសនី។"
ក្រុមប្រឹក្សា MRC ក៏បានស្វាគមន៍ចំពោះការតែងតាំងលោកបណ្ឌិត Anoulak Kittikhoun សញ្ជាតិឡាវ ជានាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC សម្រាប់អាណត្តិឆ្នាំ 2022-2024 ផងដែរ៕