រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងពីការ​ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងធ្វើឡើងនៅ រសៀលថ្ងៃទី២៦ មិថុនា ខាងមុខនេះ។ លទ្ធផលផ្លូវការនេះ នឹងមានការផ្សាយតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុរបស់រដ្ឋ បណ្ដាញសង្គមនានារបស់ គជប ផងដែរ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយ ចូលរួម​ប្រកួត​ប្រជែងសរុបចំនួន ១៧គណបក្សនយោបាយ និងមានប្រជាពលរដ្ឋចំនួនជាង ៧លាននាក់​បានចូលរួមបោះឆ្នោត ក្នុងក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង៩ លាននាក់ ដែលមានឈ្មោះបោះឆ្នោត។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ (គ.ជ.ប) បានឲ្យដឹងថា ក្រោយពីការពិនិត្យបណ្តឹង​ចំនួនជាង ២០០បណ្តឹង​ ជុំវិញ​ការដំណើរការបោះឆ្នោតត្រូវបានបញ្ចប់ និងការប្រកាសលទ្ធផលបឋមរួចរាល់,  គ.ជ.ប ឈាន​ដល់​ដំណាក់កាលចុងក្រោយ គឺការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដែលនឹងធ្វើនៅថ្ងៃទី ២៦ មិថុនា ខាងមុខ៕