ខេត្តតពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តការដាំកូនឈើ (គ្រាប់ត្នោត) ក្នុងស្រុកគោលដៅចំនួន៣ នៃដែនព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្ដពោធិ៍សាត់ ដោយបែងចែកជា៣ផ្នែកធំៗគឺ ទី១-ការរៀបចំកម្លាំងដាំដុះ និងទទួលខុសត្រូវ ទី២-ការងារបច្ចេកទេសដាំដុះ និងទី៣-ការងារថែទាំ។
សម្រាប់ការងាររៀបចំកម្លាំងដាំដុះ និងទទួលខុសត្រូវ ស្រុកកណ្តៀង ដឹកនាំដោយ ឯកឧត្តម ខូយ រីដា ជាប្រធាន, ស្រុកបាកាន ដឹកនាំដោយ ឯកឧត្តម អ៊ឹង គឹមលាង ជាប្រធាន និងស្រុកក្រគរ ដឹកនាំដោយ ឯកឧត្តម ចេង ឡៃ ជាប្រធាន។
ចំពោះការងារបច្ចេកទេសដាំដុះ ការដាំដើមត្នោត (គ្រាប់ត្នោត) ត្រូវដាំនៅលើខ្សែបន្ទាត់ព្រំរវាងតំបន់២ និងតំបន់៣ ឱ្យបានត្រង់ជួរតាមការវាស់វែង, ដាំមួយរណ្តៅ ចំនួន៣គ្រាប់ ដោយមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយប្រវែង ៧ម៉ែត្រ ចំនួន២ជួរ, រណ្ដៅនីមួយៗត្រូវជីកដីជម្រៅ ១០០មីលីម៉ែត្រ និងលុបបង្ហាប់ដីឱ្យបានត្រឹមត្រូវ, រើសគ្រាប់ពូជថ្មី ដោយមិនមានរលុងគ្រាប់ និងដាក់ដាំគ្រាប់ផ្ងារ រឺផ្កាប់ក៏បាន។
ការងារថែទាំ មន្ទីរកសិកម្ម រុក្ខ ប្រមាញ់ និងនេសាទ ត្រូវសហការជាមួយរដ្ឋបាលស្រុក ត្រួតពិនិត្យតាមដានលើការខូចខាត និងដាំដុះឡើងវិញ រួមទាំងរក្សាពូជដែលនៅសល់ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាក់ស្តែង ឱ្យជួយថែទាំរហូតដល់មានការលូតលាស់ល្អ។
ក្នុងសេចក្តីណែនាំនោះ គ្រប់មន្ទីរអង្គភាពជុំវិញខេត្ដ, រដ្ឋបាលស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន, ឃុំពាក់ព័ន្ធ, កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, លោកគ្រូ អ្នកគ្រូ និងយុវជន ដែលមានកំណត់ ក្នុងខ្លឹមសារសេចក្តីណែនាំ ត្រូវអនុវត្តន៍ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕


