ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្ដីសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដោយបានកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១តទៅ ខណៈដែលការឆ្លងកូវីដ១៩ បានបង្ហាញសញ្ញានៃការបន្តថយចុះ។

ការផ្លាស់ប្តូរវិធានការនេះ មកជាការបិទដោយកន្លែងនៃទីតាំងដែលត្រូវបានរកឃើញថា មានករណីឆ្លងវិញ។ ដោយក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ៖

"ក្នុងករណីរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងលំនៅឋាន អគារស្នាក់នៅ ឬទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដ្ឋាន ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋាន រដ្ឋបាលក្រុងតាខ្មៅ ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងទាំងនោះ ជាបណ្ដោះអាសន្ន "៕