ក្រុមហ៊ុនអេឡិចត្រូនិក ខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung បានប្រកាសកាលពីថ្ងៃអង្គារថានឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាមពី 18 ពាន់លានដុល្លារដល់ 20 ពាន់លានដុល្លារ។
"Samsung មានគោលដៅច្បាស់លាស់ក្នុងការអនុវត្តគម្រោងក្នុងប្រទេសវៀតណាមប្រកបដោយប្រសិទ្ធភាព។ យើងចង់វិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្សវ័យក្មេង និងជំរុញការស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត និងទិន្នន័យធំ(Big Data)"។ នេះបើតាមការដកស្រង់សំដីរបស់លោក Han Jong-hee អនុប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics បាននិយាយនៅពេលជួបជាមួយប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc នៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ។
លោក Phuc បានលើកទឹកចិត្តក្រុមហ៊ុន Samsung ឱ្យបន្តវិនិយោគលើឧស្សាហកម្មជំនួយ និងបច្ចេកវិទ្យាឆ្លាតវៃ ដោយមានគោលដៅកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានដកស្រង់សម្តីលោក Han បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសវៀតណាមត្រូវបានបញ្ចប់ការសាងសង់ ហើយនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះ ដោយផ្តោតលើការស្រាវជ្រាវលើទូរស័ព្ទ កុំព្យូទ័រ និងប្រព័ន្ធបណ្តាញ។