រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីសម្រេចបង្កើតចុះពិនិត្យនិងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប តាមបណ្ដាខេត្តនីមួយៗជុំវិញបឹងទន្លេសាប។
សេចក្ដីសម្រេចនេះ បានបង្កើតឡើងបន្ទាប់ពី ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងបន្ទាន់ នារាត្រីថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ស្តីពីវិធានការបង្រ្កាបការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្រោយពីមានបទបញ្ជាពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី។




