រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុងគោលដៅលើកកម្ពស់ស្តង់ដាការអប់រំ និងផ្តល់ភាពងាយស្រួលដល់ការសិក្សា ជាពិសេសកុមារ និងយុវជនកម្ពុជា។
កិច្ចព្រមព្រៀងនេះត្រូវបានផ្តល់កិត្តិយសចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនសែលកាត ដែលជាសក្ខីភាពនៃការកើនឡើងនៃការវិនិយោគពីដៃគូវិស័យឯកជនក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការពង្រឹងជំនាញឌីជីថលគ្រូបង្រៀន បុគ្គលិកអប់រំ និងយុវជនកម្ពុជា គឺជាអាទិភាពសំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញក្នុងសតវត្សរ៍ទី២១ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា។ ភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយក្រុមហ៊ុន សែលកាត នឹងគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្រិតផ្សេងៗនៃប្រព័ន្ធអប់រំ បង្កើតប្រព័ន្ធរួមបញ្ចូលបន្ថែមទៀត ដែលផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់កុមារ និងយុវជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។
ដោយឡែក អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមហ៊ុន សែលកាត មានភាពសប្បាយរីករាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការធ្វើទំនើបកម្មវិស័យអប់រំឌីជីថល ការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) និងកម្មវិធីអក្ខរកម្មនៅរោងចក្រ (FLP) របស់ក្រសួងអប់រំ យុវជន និងកីឡាដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត ជឿជាក់លើឥទ្ធិពលនៃការអប់រំ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសេដ្ឋកិច្ច។ ស្របពេលដែលកម្ពុជាបោះជំហ៊ានឆ្ពោះទៅកាន់ឌីជីថលនីយកម្ម មូលដ្ឋានគ្រឹះផ្នែកអប់រំដ៏រឹងមាំគឺតម្រូវការចាំបាច់ ហើយវាក៏ដើរតួយ៉ាងសំខាន់ក្នុងការធានាបានថាចក្ខុវិស័យនេះក្លាយជាការពិត។ ក្រុមហ៊ុនទន្ទឹងរង់ចាំការអនុវត្តប្រកបដោយជោគជ័យ និងការខិតខំប្រឹងប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា និងសែលកាត ក្នុងការពង្រីកលទ្ធភាព និងឥទ្ធិពលនៃកម្មវិធីទាំងនេះ។
ពិធីចុះហត្ថលេខានេះគឺជាការអនុវត្តគម្រោងដ៏សំខាន់មួយក្រោមកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) របស់សែលកាត ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និង លទ្ធភាពប្រើប្រាស់មាតិកាអប់រំសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕