រាជធានីភ្នំពេញ៖ នាថ្ងៃទី៧ កញ្ញានេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយPrince Holding Group ស្តីពីកម្មវិធី “អាហារូបករណ៍ចេនហ្ស៊ីសម្រាប់និស្សិតកម្ពុជា” ត្រូវបានធ្វើឡើងដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងអ្នកឧកញ៉ា ចេន ហ្ស៊ី អគ្គនាយកក្រុមហ៊ុន Prince Holding Group។

ក្រុមហ៊ុន Prince Holding Group នឹងផ្តល់អាហារូបករណ៍ (ជាថ្លៃសិក្សាប្រចាំឆ្នាំ និងប្រាក់ឧបត្ថម្ភប្រចាំខែ) ជូនដល់និស្សិតកម្ពុជា សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន៤០០នាក់ក្នុងមួយឆ្នាំ។ និស្សិតដែលអាចទទួលអាហារូបករណ៍នេះ នឹងមានឳកាសចូលសិក្សានៅសាកលវិទ្យាល័យរដ្ឋចំនួន៣ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ជំនាញព័ត៌មានវិទ្យា វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន និងពាណិជ្ជកម្មអន្តរជាតិ) សាកលវិទ្យាល័យជាតិគ្រប់គ្រង (ជំនាញសេដ្ឋកិច្ចឌីជីថល និងបដិសណ្ឋារកិច្ច) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ជំនាញសំណង់ស៊ីវិល)។ 

ក្រៅពីនេះ ក្រុមហ៊ុន Prince Holding Group នឹងផ្តល់ឱកាសការងារជូនដល់និសិ្សតជ័យលាភីដែលទទួលអាហារូបករណ៍ទាំងនេះ ឱ្យចូលហ្វឹកហាត់ការងារនៅក្នុងបណ្តាញធុរកិច្ចនៃក្រុមហ៊ុនបន្ថែមទៀត។ ក្រសួងអប់រំ យុវជន និងកីឡា សូមស្វាគមន៍គំនិតផ្តួចផ្តើម និងការរៀបចំកម្មវិធីអាហារូបករណ៍នេះ ហើយនឹងផ្តល់ការសម្របសម្រួលដល់ការជ្រើសរើសនិស្សិតជ័យលាភី៕