រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឌី ខាំបូលី បានប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនៅលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា “បាក់ឌុប២០២១” ដែលបានផ្សាយថា “សេចក្តីជូនដំណឹង ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបើកសាលានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះហើយ! ត្រៀមខ្លួនសម្រាប់ការចូលសិក្សានៅក្នុងសាលាសាជាថ្មី...”។
ប្រភពពី AKP បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដានេះ ដោយបានលើកឡើងពីការបញ្ជាក់របស់ ឯកឧត្តម ឌី ខាំបូលី ថា ៖ “នេះជាព័ត៌មានក្លែងក្លាយ ហើយរហូតមកទល់ពេលនេះ ក្រសួងអប់រំបាន និងកំពុងសិក្សាករណី នៃការបើកសាលារៀនឡើងវិញប៉ុណ្ណោះ (មិនទាន់អនុញ្ញាតឱ្យបើកទេ) ក៏ព្រោះតែស្ថានភាពនៃការរីករាលដាលវីរុសកូវីដ-១៩ នៅកម្ពុជា ហាក់ពុំទាន់ថមថយនៅឡើយ”។
សូមជម្រាបជូនដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់នៅទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់និងបង្ការកុំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ដោយងាកមកប្រើការរៀនតាមប្រព័ន្ធអេឡិចត្រូនិក ជាធម្មតាវិញ៕