រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយក្រសួងអប់រំយុវជននិងកីឡា មានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ តាមប្រព័ន្ធវីដេអូ។
ភាគីកម្ពុជាមាន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជាហត្ថលេខី តំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងភាគីព្រុយណេ មានឯកឧត្តម MAJOR GENERAL (Rtd.) DATO PADUKA SERI HAJI AMINUDDIN IHSAN BIN PEHIN ORANG KAYA SAIFUL MULOK DATO SERI PADUKA HAJI ABIDIN រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡា ជាហត្ថលេខីតំណាងតាងនាមព្រះចៅស៊ុលតង់នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម។
គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌ យុវជន រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ព្រុយណេ ការជំរុញការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ លើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌ដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕