រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៩ មីនា ឆ្នាំ ២០២១ នេះ មានករណីមរណភាពរបស់ស្រ្ដីជនជាតិខែ្មរម្នាក់ ឈ្មោះ លោកស្រី នួន សុផាន្នី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជម្ងឺកូវីដ១៩។ នេះជាករណីស្លាប់ដោយសារជម្ងឺកូវីដលើកទី២ បន្ទាប់ពីមានការស្លាប់បុរសជនជាតិខ្មែរម្នាក់កាលពីដើមខែមីនា ដែលរាប់ចូលជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ។

 លោកស្រី ត្រូវជាភរិយារបស់តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ។ អ្នកជម្ងឺខាងលើ បានពិនិត្យថាឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១០ មីនា និងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅទីតាំង មជ្ឈមណ្ឌលជាតិកំចាប់រោគរបេង។ និងដោយស្ថានភាពរបស់អ្នកជម្ងឺធាត់ ផ្ទុកជម្ងឺទឹកនោមផ្អែម និងមានសភាពហត់ក្លាំង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល និងជួយសង្រោះបន្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ មីនា ឆ្នាំ​២០២១។ 

ដោយការខិតខំអស់លទ្ធភាពមិនបានសម្រេច អ្នកជម្ងឺខាងលើបានធ្វើមរណកាល នាព្រឹកថ្ងៃទី ១៩មីនានេះ។ តាមសេចក្ដីសន្និដ្ឋានដោយក្រុមគ្រូពេទ្យថា គឺគាត់បានស្លាប់ដោយសារជម្ងឺកូវីដ១៩ វាយលុក សួតទាំងសងខាងធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង លើអ្នកជម្ងឺទឹកនោមផ្អែម លើសឈាម និងមានសភាពធាត់ខ្លាំង៕