នារសៀលថ្ងៃចន្ទ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងកិច្ចសន្យានិងចរចាថ្លៃបន្តបន្ទាប់ សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺដើម្បីស្នើសុំថវិកាឥណទានក្រោមក្របខ័ណ្ឌថវិកាឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ។
កិច្ចប្រជុំខាងលើមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយមតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសំណង់ The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. និងក្រុមហ៊ុនទីប្រឹក្សាGuangzhou Wanan Construction Supervision Co., Ltd. ។
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត គោលបំណងសំខាន់របស់គម្រោងគឺការកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែយាយីដល់រាជធានីភ្នំពេញ និងបណ្តាខេត្តដែលទទួលឥទ្ធិពលពីរបបទឹកស្ទឹងព្រែកត្នោតក៏ដូចជាបង្កើនអត្រាការប្រើប្រាស់ដីស្រែ ការកែលម្អលក្ខខណ្ឌដាំដុះបង្កើនផលិតកម្មស្បៀង ទាំងនេះសុទ្ធតែជាភាពចាំបាច់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ។
បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតអាចជួយកាត់បន្ថយទឹកជំនន់ ការពារទំហំផ្ទៃដីបានចំនួន ២៤៥ គីឡូម៉ែត្រការ៉េហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែ បានចំនួន ១០.១៥០ ហិកតា នៅរដូវប្រាំងនិងបានចំនួន ១៧.៧៣០ ហិកតា នៅរដូវវស្សា ៕

