ត្រឹមតែរយៈពេល០៦ខែ ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបាន១៣,៩៨៥លានដុល្លារ ដោយក្នុង​នោះការនាំចេញ មាន​ចំនួន៥,៧៩៤​លាន​ដុល្លារ កើនឡើង១១​ភាគរយ, ចំណែកឯការនាំចូលមានចំនួន៨,១៩១​លាន​ដុល្លារ កើន១០.៦ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​​ដូចគ្នា ​ក្នុង​ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងការកើនឡើង នៃទំហំពាណិជ្ជកម្ម របស់កម្ពុជានេះ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាបាននាំចេញទៅប្រទេសមួយចំនួន ដូចជា សហគមអឺរ៉ុប, សហរដ្ឋអាមេរិក, កាណាដា, ជប៉ុន និងបណ្ដាប្រទេសផ្សេងៗទៀត​ ហើយវិស័យដែលនាំចេញ បានច្រើន​ជាងគេរួមមានសម្លៀកបំពាក់ និងអង្ករជាដើម។

លោកបានបញ្ជាក់ទៀតថា កត្តាដែលនាំឲ្យទំហំពាណិជ្ជកម្ម ក្នុងឆ្នាំនេះមានការកើនឡើង បណ្ដាលមកពីស្ថិរភាពរបស់ប្រទេស​កម្ពុជា មានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ មានវិនិយោគិនបរទេសជាច្រើន បានមកវិនិយោគនៅកម្ពុជា។ មួយវិញទៀតការផលិត របស់កម្ពុជាមានសន្ទុះ បូករួមនឹងគុណភាពល្អប្រសើរ ទើបធ្វើឲ្យការនាំចេញ​ស្ទុះងើបឡើង។

លោក ប៉ាន សូស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០១៨នេះ កម្ពុជាបាន​នាំចេញ សម្លៀកបំពាក់បានចំនួន៤,១៤៣​លាន​ដុល្លារ កើនឡើង១១​ភាគរយ​ ចំណែកឯ​ផលិត​ផល​​​កសិកម្មមាន​ចំនួន២៧២លានដុល្លារ កើន៨ភាគរយ ខណៈ​ការនាំចេញ​ផ្សេងៗ​មាន​ចំនួន១,៣៧៩​លាន​ដុល្លារ កើន១៤​ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

សូមជម្រាបថា កាលពីឆ្នាំ​២០១៧កន្លងទៅ ការនាំចេញ​របស់​កម្ពុ​ជា មានតម្លៃប្រមាណ១១.២ប៊ី​លាន​ដុល្លារ កើន​ឡើង ៩.២ភាគរយ ធៀប​នឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់១០.២​ប៊ី​លាន​ដុល្លារ​​។ រីឯ​ការនាំ​ចូល​មាន​ទំហំ១៥.៥​ពាន់​​លាន​ដុល្លារ គឺបានកើន៩.៨​ភាគរយ ធៀប​នឹង១៤.១​ពាន់​លាន​ដុល្លារ​។

ទន្ទឹមនេះ ផលិតផលនាំ​ចេញ​សំខាន់ៗ​ របស់​កម្ពុជារួមមាន៖​ វាយនភ័ណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, កាបូប, គ្រឿងបង្គុំអេឡិចត្រូនិក, ទោចក្រ​​យានយន្ត, ផលនេសាទ, ជ័រកៅស៊ូ, ឈើកែច្នៃ, អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី ពោតក្រហម, សណ្តែក​សៀង, ម្រេច, ផ្លែស្វាយស្រស់, ដូងប្រេង និងទំនិញកសិកម្មដទៃទៀត។ ចំណែកទីផ្សារធំៗរបស់កម្ពុជារួមមាន៖ សហគមន៍​អឺរ៉ុប, អាម៉េរិក, កាណាដា, ជប៉ុន, ចិន និងអាស៊ានជាដើម៕