ក្រៅពីការប្រឈមនឹងបញ្ហាជាច្រើន នៃការបង្កើតក្រុមហ៊ុនដែលចាប់ពីចំណុចសូន្យ សហគ្រិនជាច្រើនមានបទពិសោធន៍តិចតួច នៅក្នុងពិភពអាជីវកម្ម សូម្បីតែវាជាគំនិតដ៏ល្អដែលមិនគួរឲ្យជឿ តែបញ្ហាស្មុគស្មាញនឹងកើតឡើងដូចជាការគ្រប់គ្រង ភាពក្មេងខ្ចីក្នុងសហគ្រិនភាព ការដោះស្រាយបញ្ហាហិរញ្ញវត្ថុនិងការជួលនិយោជិត នៅពេលថវិកាមានកំណត់។
ដោយសារការខ្វះខាតបទពិសោធន៍ ក្រុមហ៊ុនជាច្រើនត្រូវប្រឈមនឹងភាពអកុសលគឺការបរាជ័យ។នេះគឺជាកំហុសទាំង ១០ នៅពេលចាប់ផ្ដើមបើកក្រុមហ៊ុនដែលត្រូវជៀសវាងទោះបីជាលំបាកយ៉ាងណាក៏ដោយ៖
១. ការធ្វើដំណើរតែម្នាក់ឯង
តើមានអាជីវកម្មប៉ុន្មាន ដែលទទួលបានជោគជ័យដោយបង្កើតឡើងដោយស្ថាបនិកតែម្នាក់នោះ?ប្រាកដណាស់ ការបង្កើតក្រុមហ៊ុនមួយគឺជាការងារដ៏លំបាកហើយវាតែងតែត្រូវការមនុស្សលើសពីម្នាក់ ក្នុងការចាប់ផ្តើមអាជីវកម្ម។ មានចំណុចខ្ពស់និងទាបជាច្រើនដែលអ្នកត្រូវឆ្លងកាត់ដោយមិនចាំបាច់លើកឡើងអំពីការងារមួយចំនួនដែលមនុស្សតិចណាស់អាចធ្វើតែម្នាក់ឯងបាន។នៅពេលខ្លះ ការជួបប្រទះនឹងការលំបាកនិងការរាំងស្ទះជាច្រើនអាចធ្វើឲ្យអ្នកមានការលំបាក ក្នុងការបន្តអាជីវកម្ម ដោយគ្មានការលើកទឹកចិត្តពីអ្នកផ្សេងទៀត។បន្ទាប់មកទៀត អ្នកត្រូវធ្វើទីផ្សារពីផែនការ និងបង្កើតផលិតផលឬសេវា។ អ្នកត្រូវស្វែងរកទុនបន្ថែមក្នុងពេលដែលត្រូវបើកអាជីវកម្មដំបូងអោយបានជោគជ័យ ។
នោះគឺជាភាពភ័យខ្លាចដ៏ធំ ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះតែម្នាក់ឯង។ជំនួយដ៏តិចតួចពីមិត្តភក្តិ និងមិត្តរួមការងារដែលមានវិជ្ជាជីវៈអាចជួយដល់ការចាប់ផ្តើមអាជីវកម្មរបស់អ្នកបន្តទៅមុខ។
២. ភាពខ្ជីខ្ជាចំពោះការធ្វើផែនការអាជីវកម្ម
ការមានផែនការអាជីវកម្មដ៏រឹងមាំដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ ភាពជោគជ័យនាពេលអនាគត។ នៅទីបញ្ចប់ផែនការអាជីវកម្ម ត្រូវបានប្រើប្រាស់ដើម្បីនាំផ្លូវការចាប់ផ្តើមអាជីវកម្ម ទៅកាន់ទិសដៅដែលត្រឹមត្រូវដោយឆ្លើយតបនឹងសំណួរខាងក្រោមនេះ៖
តើគោលបំណងរបស់ក្រុមហ៊ុនគឺជាអ្វី?តើអ្នកណាជាអតិថិជនគោលដៅរបស់ក្រុមហ៊ុន? តើបេសកកម្មនិងគុណតម្លៃរបស់ក្រុមហ៊ុនគឺជាអ្វី? តើគោលដៅអ្វីខ្លះដែលអ្នកចង់សម្រេចឲ្យបានសម្រាប់ក្រុមហ៊ុននេះ?តើអ្នកណាជាគូប្រកួតប្រជែងរបស់ក្រុមហ៊ុន ហើយតើពួកគេកំពុងធ្វើអ្វីខ្លះ?តើក្រុមហ៊ុនអាចវាស់វែងអំពីភាពជោគជ័យបានដោយវិធីណា?
និយាយម៉្យាងទៀត ផែនការអាជីវកម្មដ៏ល្អមួយ កំណត់គ្រប់ទិដ្ឋភាពទាំងអស់នៃការចាប់ផ្តើមអាជីវកម្ម។ហើយនៅពេលណាក៏ដោយ ដែលក្រុមហ៊ុនត្រូវជាប់គាំងនៅក្នុងបញ្ហាណាមួយឬមានអាជីវកម្មថ្មីណាមួយ នឹងត្រូវបង្កើតឡើងនោះ សូមសំដៅទៅកាន់ផែនការអាជីវកម្ម។
មិនចាំបាច់បង្កើតផែនការអាជីវកម្ម ដែលមានលក្ខណៈផ្លូវការដូចនៅក្នុងសាលាពាណិជ្ជសាស្រ្តនោះទេ ប៉ុន្តែចាំបាច់ត្រូវមានផែនការអាជីវកម្មខ្លីមួយពីព្រោះវានឹងជួយកំណត់ទិសដៅក្រុមហ៊ុននៅក្នុងរយៈពេលវែង។
៣. ការចាត់ចែងប្រាក់កាសមិនបានត្រឹមត្រូវ
នៅពេលចាប់ផ្តើមអាជីកម្មថ្មីប្រាក់កាសគឺជាបញ្ហាដ៏ធំមួយ ហើយវាត្រូវការការចាត់ចែងឲ្យបានសមស្រប។ កំហុសដ៏ធំបំផុតមួយនោះគឺការចាយវាយច្រើនពេក ដែលអាចកើតឡើងនៅពេលដែលម្ចាស់ ឬស្ថាបនិកនៃអាជីវកម្មមានភាពអន្ទះសារខ្លាំងពេកនិងជួលមនុស្សច្រើនពេក។ នៅពេលដំបូង សហគ្រិនអាចជឿជាក់ថា ពួកគេត្រូវការនិយោជិតថ្មីៗទាំងអស់នោះប៉ុន្តែនេះគ្រាន់តែជាការបំផ្លាញផ្នែកហិរញ្ញវត្ថុរបស់អាជីវកម្ម ដែលទើបនឹងចាប់ផ្តើមកាន់តែខ្លាំងឡើយប៉ុណ្ណោះ។ដើម្បីបញ្ចៀសបញ្ហានេះ ចូរជួលតែនិយោជិតដែលត្រូវការពិតប្រាកដនិងបង្កើនចំនួនបុគ្គលិកមួយជំហានម្តង មួយជំហានម្តង។
ស្ថាបនិកទំនងជាខ្ជះខ្ជាយប្រាក់អស់យ៉ាងលឿនដោយពួកគេចាយវាយទៅលើការចំណាយដែលមិនចាំបាច់។ផ្ទុយពីការប្រើប្រាស់ប្រាក់កាសឲ្យបានត្រឹមត្រូវ ពួកគេបានចាយវាដោយខ្ចះខ្ចាយ។
ប្រសិនបើភ្នាក់ងារវិនិយោគទុន ពិនិត្យមើលពីការចំណាយប្រាក់លើក្រុមហ៊ុននោះពួកគេក៏រំពឹងថាពួកគេទទួលបានលទ្ធផលដ៏ច្រើន ដូចការចំណាយដែរ ។
ហើយតើនឹងមានអ្វីកើតឡើង ប្រសិនបើអាជីវកម្មត្រូវធ្វើការកែប្រែដោយត្រូវចំណាយប្រាក់មួយចំនួនធំភ្លាមៗនោះ ហើយប្រាក់ដែលបម្រុងទុកគឺមិនគ្រប់គ្រាន់នោះ? តើនឹងមានអ្វីកើតឡើង ប្រសិនបើផែនការដើមត្រូវរំសាយចោលដោយប្តូរមកប្រើផែនការបម្រុងវិញនោះ? តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកវិនិយោគដកដើមទុនវិញឬអតិថិជនមិនធ្វើការទូទាត់ប្រាក់វិញនោះ? តើនឹងមានអ្វីកើតឡើងប្រសិនបើធាតុដែលចំបាច់សម្រាប់ធ្វើអាជីវកម្មមានតម្លៃខ្ពស់ខ្លាំងពេក?តើពួកគេមានប្រាក់សម្រាប់ចាត់ចែងសេណារីយ៉ូទាំងអស់នេះដែរឬទេ?
ដោយគ្មានការគ្រប់គ្រងនិងប្រើប្រាស់ផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវអាជីវកម្មថ្មីមួយនឹងមិនអាចចាប់ផ្តើមដំណើរការបានឡើយ។ ចូរប្រាកដថាមនុស្សដែលពូកែផ្នែកលេខអាចជួយដោះស្រាយបញ្ហានេះបាន។
៤. ការខ្វះខាតសមត្ថភាពក្នុងការប្តូរទិសដៅ
សហគ្រិនម្នាក់ៗនឹងនិយាយថា គ្រប់យ៉ាងកើតឡើងមិនដូចការគ្រោងទុកឡើយប៉ុន្តែសមត្ថភាពក្នុងប្តូរទិសដៅគឺជាផ្នែកមួយនៃល្បែង។ Nokiaធ្លាប់មានរោងចក្រផលិតក្រដាស និងផលិតស្បែកជើងកវែងប៉ុន្តែបច្ចុប្បន្នវាគឺជាក្រុមហ៊ុនទូរគមនាគមន៍មួយ ហើយក៏បានបរាជ័យផងដែរ។
ដើម្បីក្លាយជាម្ចាស់អាជីវកម្មដ៏ជោគជ័យ ចូរធ្វើផែនការបម្រុងមួយសម្រាប់រាល់សេណារីយ៉ូនៃហេតុការណ៍ដែលអាក្រក់បំផុត ប៉ុន្តែត្រូវមានភាពបត់បែននិងសមត្ថភាពក្នុងការផ្លាស់ប្តូរទិសដៅផងដែរ ប្រសិនបើផែនការដើមមិនអាចដំណើរការទៅបាន។
៥. ការគិតតូចពេក
ប្រសិនបើសហគ្រិនមានគំនិតសេរីខ្លាំងពេក មានន័យថាការកំណត់គោលដៅចំពោះទីផ្សារដែលតូចខ្លាំងពេកភាពជោគជ័យអាចពិបាកក្នុងការស្វែងរក។ វិនិយោគិន Paul Graham ស្ថាបនិកនៃក្រុមហ៊ុនផ្តល់ទុនដល់អាជីវកម្មដែលទើបនឹងចាប់ផ្តើមថ្មី ឈ្មោះ Y Combinator បាននិយាយថា សហគ្រិនភាគច្រើនជឿជាក់ថា ការកំណត់គោលដៅលើក្រុមមនុស្សកាន់តែតូចគឺកាន់តែមានសុវត្ថិភាព ពីព្រោះភាពប្រកួតប្រជែងនឹងមិនសូវខ្លាំងក្លា។ ប៉ុន្តែ Grahamបាននិយាយថា “ប្រសិនបើអ្នកធ្វើអ្វីមួយបានល្អអ្នកនឹងជួបដៃគូប្រកួតប្រជែងដូច្នេះអ្នកអាចនឹងត្រូវប្រឈមនឹងការប្រកួតប្រជែងដូចគ្នា”“អ្នកអាចជៀសផុតការប្រកួតប្រជែងបាន លុះត្រាតែជៀសវាងការបង្កើតគំនិតល្អៗ”។
៦. ការជ្រើសរើសទីតាំងខុស
ការតាំងទីនៃអាជីវកម្មមួយ តែងតែជារឿងសំខាន់ជានិច្ច។ការបើកហាងនៅទីតាំងដែលត្រឹមត្រូវ គឺជាចំណុចសំខាន់ ដោយអ្នកត្រូវពិចារណាអំពីការចំណាយនិងទីតាំងភូមិសាស្រ្តរបស់អតិថិជននាពេលអនាគត និងរបស់ឧស្សាកម្មទាំងមូល។
លោក Graham បានសង្កេតឃើញអំពីរបៀបដែលអ្នកវិនិយោគទុនភាគច្រើន ផ្តល់ដើមទុនដល់អាជីវកម្មដែលទើបនឹងចាប់ផ្តើមដែលមានទីតាំងស្ថិតក្នុងចម្ងាយ ដែលពួកគេអាចធ្វើដំណើរទៅដល់ក្នុងរយៈពេលមួយម៉ោង។ដូច្នេះដើម្បីទទួលបានដើមទុនអ្នកត្រូវតាំងទីអាជីវកម្មដែលទើបនឹងចាប់ផ្តើមរបស់អ្នកនៅក្បែរក្រុមហ៊ុនទាំងនោះ។
៧. ព្រងើយកន្តើយចំពោះប្រផ្នូល
ពុំមានអ្វីមួយដែលដូចគ្នាទាំងស្រុង ទៅនឹងសភាវគតិរបស់សហគ្រិនឡើយ។វាប្រហែលជាមូលហេតុមួយ ដែលធ្វើឲ្យសហគ្រិនជាច្រើន ឃ្លាតឆ្ងាយពីការចាប់ផ្តើមអាជីវកម្មនោះ។ដូច្នេះចូរកុំព្រងើយកន្តើយ ចំពោះប្រផ្នូលទាំងនោះ។ចូរប្រើប្រាស់វាឲ្យក្លាយជាផលប្រយោជន៍។
ប៉ុន្តែចូរប្រាកដថា ការសប្បាយរីករាយជាមួយនឹងប្រផ្នូលនោះមានតុល្យភាពជាមួយការចូលរួម នៅក្នុងការគណនាតួលេខ និងត្រួតពិនិត្យសូចនាករ (តារាងឬក្រាហ្វិចដែលបង្ហាញអំពីស្ថានភាព ឬនិន្នាការនៃអាជីវកម្ម) នៃការអនុវត្តសំខាន់ៗនិងបង្កើតយុទ្ធសាស្រ្តអាជីវកម្មដោយផ្អែកលើការស្រាវជ្រាវ។
៨. ចាប់ផ្តើមអាជីវកម្មមិនត្រូវពេល
នៅពេលចាប់ផ្តើមអាជីវកម្មមួយ ការរកពេលវេលាគឺជាអ្វីគ្រប់យ៉ាង។ខណៈពេលអ្នកមិនអាចគ្រប់គ្រងកាលៈទេសៈជាក់លាក់នានា ដូចជាបញ្ហាសេដ្ឋកិច្ចឬគ្រោះធម្មជាតិបាននោះ អ្នកអាចរៀបចំការចាប់ផ្តើមនៅពេលវេលាដ៏ត្រឹមត្រូវមួយបាន។អ្នកគ្រាន់តែត្រូវប្រាកដថា ក្រុមហ៊ុននោះ មិនបានចាប់ផ្តើមលឿនពេកឬត្រូវរង់ចាំយូរពេក។
ការចាប់ផ្តើមលឿនពេល អាចធ្វើឲ្យសហគ្រាសទាំងមូលប្រឈមនឹងហានិភ័យ។ចូរពិចារណាចំណុចដូចតទៅនេះ៖ តើនេះគឺជាផលិតផល ឬសេវាដែលប្រជាជនពិតជាចង់បានខ្លាំងណាស់មែនទេ?តើផលិតផល ឬសេវានោះបានត្រៀមរួចជាស្រេចសម្រាប់ការឈានជើងចូលទៅផ្សារហើយឬទេ?ចុងបញ្ចប់ គ្មានអ្វីអាក្រក់ជាងការប្រញាប់ចាប់ផ្តើមអាជីវកម្មមួយនៅលើទីផ្សារក្នុងគោលបំណងយកឈ្នះលើការប្រកួតប្រជែងឬចាប់ផ្តើមស្វែងរកប្រាក់ចំណូលនោះទេ។ ចូរប្រាកដថា អាជីវកម្មដែលនឹងចាប់ផ្តើមនេះបានត្រៀមខ្លួនរួចជាស្រេចមុនពេលដែលអ្នកធ្វើឲ្យសាធារណជនស្គាល់វា។
ផ្ទុយមកវិញ ចូរកុំរង់ចាំយូរពេក។បើពុំដូច្នោះទេ ឱកាសដែលនឹងបាត់បង់ប្រាក់កាសទាំងអស់ អាចនឹងកើតឡើងឬដៃគូប្រកួតប្រជែងរបស់អ្នក នឹងក្លាយជាបុគ្គលដំបូងគេបង្អស់ ដែលដាក់លក់ផលិតផលនៅលើទីផ្សារ។ចូរប្រាកដថា គ្រប់យ៉ាងបានត្រៀមរួចជាស្រេច ក្នុងការចាប់ផ្តើមដាក់លក់ផលិតផលនៅលើទីផ្សារប៉ុន្តែចូរកុំរង់ចាំដល់វិនាទីចុងក្រោយ។
៩. មានភាពខុសឆ្គងក្នុងការអនុវត្តដំណើរការជួលបុគ្គលិក
ចូរប្រាកដថា ការជួលបុគ្គលិកមិនបានចាប់ផ្តើមលឿនពេកពីព្រោះវានឹងធ្វើឲ្យបំផ្លាញធនធានហិរញ្ញវត្ថុរបស់សហគ្រិន ប៉ុន្តែការជ្រើសរើសបុគ្គលិកគឺត្រូវស្ថិតក្នុង គោលបំណងក្នុងការជួលមនុស្សដែលស័ក្តិសម។
ដូច្នេះអាជីវកម្មដែលទើបនឹងចាប់ផ្តើមមួយចំនួនទទួលបរាជ័យពីព្រោះអ្នកដែលពួកគេបានជួលមក មិនមែនជាបុគ្គលដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនឡើយដែលអាចជាមិត្តភក្តិដែលខ្វះខាតជំនាញក្នុងការបំពេញតួនាទីរបស់ខ្លួនឬអ្នកណាម្នាក់ដែលមិនស័ក្តិសម ក្នុងការធ្វើការជាមួយក្រុមការងារដោយសារអត្តចរិកមិនត្រូវគ្នា។ចូរប្រាកដថា អ្នកមានមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើការនៅក្នុងអាជីវកម្មដែលទើបនឹងចាប់ផ្តើមរបស់អ្នក និងធានាថា គ្រប់យ៉ាងត្រូវបានចងក្រងជាឯកសារ។គ្មានអ្នកណាម្នាក់ ចង់ឲ្យអតីតបុគ្គលិករបស់ខ្លួនធ្វើការប្តឹងផ្តល់ខ្លួនឯង ដោយសារការសន្យាមួយផ្នែកធំដែលក្រុមហ៊ុនបានផ្តល់ជូនដើម្បីជាថ្នូរនឹងការបម្រើការងារដែលវាគឺជាកិច្ចព្រមព្រៀងដែលប្រថាប់ត្រាដោយការចាប់ដៃគ្នានោះទេ។
១០. ទទួលឥទ្ធិពលពីខាងក្រៅខ្លាំងពេក
ទោះបីវាជាដំបូន្មាន ឬជាការទិះតៀនក៏ដោយ ពេលខ្លះយោបល់ត្រឡប់ពីមជ្ឈដ្ឋានខាងក្រៅគឺជាជំនួយដ៏អស្ចារ្យមួយ។ តើ Facebookនឹងទទួលបានជោគជ័យយ៉ាងដូចម្តេចប្រសិនបើ Sean Parker មិនបានណែនាំ Mark Zuckerberg ថាគាត់បានរើទៅនៅរដ្ឋកាលីហ្វ័រញ៉ានិងបានផ្លាស់ប្តូរឈ្មោះគម្រោងរបស់គាត់ពី Thefacebook មកត្រឹមតែFacebook វិញ?
ប្រាកដថា យោបល់ណែនាំច្រើនពេកអាចធ្វើឲ្យខូចប្រយោជន៍។នៅតាមផ្លូវដែលក្រុមហ៊ុនកំពុងដំណើរការ មនុស្សជាច្រើននឹងនិយាយ អំពីអ្វីដែលល្អបំផុតសម្រាប់ក្រុមហ៊ុន។ប្រសិនបើដំបូន្មានរបស់មនុស្សគ្រប់រូប សុទ្ធតែត្រូវបានអនុវត្តតាមនោះអាជីវកម្មរបស់អ្នកនឹងមិនអាចដំណើរការ តាមគំនិតដើមរបស់អ្នកបានទៀតឡើយ។ការត្រូវបានគេអូសទាញឲ្យដើរទៅកាន់ទិសដៅខុសៗគ្នាជាច្រើនគឺមិនល្អសម្រាប់អាជីវកម្មឡើយ។
ទោះបីជា Zuckerberg បានទទួលយកដំបូន្មានរបស់ Parker ក៏ដោយប៉ុន្តែគាត់នៅតែរក្សាចក្ខុវិស័យដែលគាត់មានចំពោះ Facebook។គាត់មិនបានអនុវត្តតាមគ្រប់ជ្រុងទាំងអស់នៃដំបូន្មានដែលបានផ្តល់ជូនឡើយ។គាត់គ្រាន់តែប្រើប្រាស់ដំបូន្មានដែលគាត់បានដឹងថា វានឹងធ្វើឲ្យក្រុមហ៊ុនរបស់គាត់ទទួលបានជោគជ័យតែប៉ុណ្ណោះ៕