រាជធានីភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវ ការយោគយល់ពីវិស័យឯកជន ដូចជាការជួលហាង ការបញ្ចុះថ្លៃ ការបង់រំលោះផ្ទះ។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ។
ប្រមុខរាជរដ្ឋាភិបាល ក៏បានសំដៅដល់ វិស័យធនាគារ ដោយត្រូវបន្ថែមការយោគយល់លើការពន្យាការសង ឬការសងអត្រាការប្រាក់ ដោយមិនត្រូវផាកពិន័យពីលើការសង ក្នុងកាលៈទេសៈនេះទេ។
សម្ដេចតេជោ មានប្រសាសន៍ថា៖ “នេះមិនមែនជាបទបញ្ជាទេ តែជាការអំពាវនាវរបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន។ សុំឲ្យមានការយោលយល់ការប្រាក់ ពន្យាការសង ហើយមិនត្រូវមានការរឹបអូសទ្រព្យសម្បត្តិក្នុងកាលៈទេសៈកូវីដទេ។”
បន្ថែមពីនេះសម្ដេចបានជំរុញប្រជាកសិករ ដាំបន្លែបង្ការ និងចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជាពិសេសបិទការនាំចេញ លើផលិតផលមួយចំនួនផងដែរ៕