រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
ប្រាក់រង្វាន់ដែលត្រូវផ្ដល់ជូនកីឡាការិនី អ៊ុក ស្រីមុំ មានថវិការបស់ក្រសួងអប់រំ ចំនួន៤០លានរៀល និងថវិការបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចំនួន១ម៉ឺនដុល្លារ និងគ្រូបង្វឹកទទួលបានថវិការបស់ក្រសួងអប់រំចំនួន៤០លានរៀល និងថវិការបស់សម្ដេច និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ចំនួន៥ពាន់ដុល្លារ។
សម្តេចតេជោ បានចាត់ទុកការដណ្តើមបានមេដាយមាសពិភពលោក របស់កីឡាការិនី អ៊ុក ស្រីមុំ ក៏ដូចជាកីឡាករ កីឡាការិនីដទៃទៀត គឺជាកិត្តិយសរបស់ជាតិទាំងមូល។
កីឡាការិនី អ៊ុក ស្រីមុំ បានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងវីរកីឡាការិនី កែ ឡេង ក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
ការដណ្តើមបានមេដាយមាសពិភពលោករបស់វីរកីឡាការិនី អ៊ុក ស្រីមុំ គឺជាការទទួលបានមេដាយមាសកម្រិតពិភពលោក៥សម័យកាលជាប់គ្នា សម្រាប់កីឡាការិនីកម្ពុជា លើការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុ។ ក្នុងនោះវីរកីឡាការិនី កែ ឡេង ធ្លាប់ឈ្នះ ៤សម័យកាលរួមមាន៖ ឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅថៃ, ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ នៅប្រទេសកម្ពុជា។